ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់វត្តអារាម ក៏ដូចជាប្រជាពុទ្ធបរិស័ទទាំងអស់ ឱ្យបន្តអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ។
តាមរយៈសារសំឡេង នៅថ្ងៃទី១២ ខែកញ្ញា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកថា កាលពីឆ្នាំកន្លងទៅ ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ មានការឆ្លងយ៉ាងសាហាវ នៃជំងឺកូវីដ-១៩ ដោយពេលនោះ កម្ពុជា អាចកាន់បិណ្ឌបានតែបិណ្ឌ១ បិណ្ឌ២ និងផ្នែកខ្លះនៃបិណ្ឌទី៣ ហើយចាប់ពី បិណ្ឌទី៤ សម្ដេចតេជោ បានចេញបទបញ្ជា ដើម្បីរិះរកនូវមធ្យោបាយធ្វើបុណ្យបានបុណ្យផង និងការពារកុំឲ្យមានការឆ្លងខ្លាំង និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ។
សម្ដេចតេជោ បានសម្ដែងនូវភាពជឿជាក់ថា រដូវភ្ជុំបិណ្ឌឆ្នាំនេះ នឹងមិនមានហានិភ័យណាមួយ កើតឡើងឡើយ ដោយសារតែការឆ្លង នៅពេលបច្ចុប្បន្ន មានកម្រិតតិចតួច ដែលផ្ដើមចេញពីជោគជ័យ នៃ ប្រជាជាតិកម្ពុជា ដែលបានរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំនេះ សម្ដេចមិនបាននៅចូលរួមបុណ្យភ្ជុំបិណ្ឌ ក្នុង ប្រទេសនោះទេ ដោយនៅថ្ងៃភ្ជុំ សម្ដេចកំពុងស្ថិតក្នុងទីក្រុងឡាហាវ៉ាត ប្រទេសគុយបា ហើយបើមិនមានអ្វី ប្រែប្រួលនោះទេ នៅថ្ងៃទី២១ ខែកញ្ញា នេះ សម្ដេចនឹងចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុង ញូយ៉ក សហរដ្ឋអាមេរិក ៕អត្ថបទ៖ បាន សុខរិទ្ធិ




