ភ្នំពេញ៖ បរធនបាលកិច្ច នឹងមានទំហំបរធនកើនឡើងក្នុងរង្វង់ប្រមាណជា ៦០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងពិនិត្យ និងវាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ច មានចំនួនប្រមាណជាង ៥០០ សំណើរបន្ថែមទៀត។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃសេវាហិរញ្ញវត្ថមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និង CEO Master Club នាចុងសប្តាហ៍កន្លងមកថា មកដល់បច្ចុប្បន្ននិយ័តករបរធនបាលកិច្ច មានរបរធនបាលកិច្ចហិរញ្ញវត្ថុចំនួន ៩ ដែលក្នុងនោះមានទំហំបរធន (គឺទ្រព្យសម្បត្តិ ឬមូលនិធិ) មានប្រមាណជាង ១៦៦ លានដុល្លារអាមេរិក។
ឯកឧត្តម បន្តថា បន្ទាប់រាជរដ្ឋាភិបាលចាប់ផ្ដើមនៃការបង្កើតនិយ័តករបរធនបាលកិច្ច នៅពាក់កណ្ដាលឆ្នាំ ២០២១ មកដល់បច្ចុប្បន្ននេះ និយ័តករបរធនបាលកិច្ច ទទួលបានការស្នើបង្កើត និងសុំចុះបញ្ជីរបរធនបាលកិច្ច មានចំនួនប្រមាណជាង ៥០០ សំណើរ ដែលកំពុងស្ថិតនៅក្នុងនីតិវិធីកំពុងវាយតម្លៃ ដែលចំនួន ៥០០ សំណើរនេះ បន្ទាប់ពីវាយតម្លៃនិងអនុម័តជាផ្លូវការ និយ័តករបរធនបាលកិច្ច នឹងមានទំហំបរធនកើនឡើងទ្វេរដងថែមទៀត។
បរធនបាលកិច្ច គឺជាទំនាក់ទំនងគតិយុត្តិ ដែលបរធនបាលទាយក ផ្តល់ទ្រព្យសម្បត្តិដល់បរធនបាលក្នុងការមើលថែរក្សា និងប្រើប្រាស់ជាប្រយោជន៍ដល់អត្ថគាហកៈ។
អត្ថគាហកៈ គឺជាបុគ្គលដែលអចទទួលផលពីបរធនបាលកិច្ច ចាប់ពីកាលបរិច្ឆេទចូលជាធរមាន នៃបរធនបាលកិច្ច លើកលែងតែមាន។
ចំណែកបរធនបាលទាយក គឺជាបុគ្គលដែលបានបង្កើត និងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្តល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច និងមានសិទ្ធិទទួលព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងបរធនបាលកិច្ច ព្រមទាំងតែងតាំង និងបញ្ឈប់បរធនបាល។
រីឯបរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធនពីបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។
សូមបញ្ជាក់ថា នាចុងសប្តាហ៍កន្លងមកនេះ និយ័តករបរធនបាលកិច្ច បានចុះអនុស្សារណៈជាមួយ និង CEO Master Club ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការ ដល់សមាជិកគ្រួសារ CEO Master Club ដែលមានម្ចាស់អាជីវកម្មធុនតូច និងមធ្យមជាច្រើន ឱ្យមានលទ្ធភាព និងសមត្ថភាពសមស្រប ដើម្បីរៀបចំខ្លួនក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី