ភ្នំពេញ៖ នៅថ្ងៃនេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម និងប្រទេសឡាវ ។
តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានរដ្ឋ សភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ខណៈទស្សនកិច្ចជា ផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។
ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភា ទៅកាន់ប្រទេសទាំងពីរនេះ ក្នុង គោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នីតិប្បញ្ញត្តិ ក៏ដូចជានីតិ ប្រតិបត្តិរបស់កម្ពុជា និងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម រួមមាន ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការបក្ស, ឯកឧត្តម ង្វៀន សុនហ្វូគ ប្រមុខរដ្ឋ, ឯកឧត្តម វឿង ឌិញវ៉េ ប្រធានរដ្ឋសភា, ឯកឧត្តម ហ្វាម មីញជីញ នាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត ខណៈនាឱកាសនោះ នឹងចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍មាសនៅវិមានរដ្ឋសភាវៀតណាម។
ដោយឡែក ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅប្រទេសឡាវ គណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ភាគីឡាវ រួមមាន ឯកឧត្តម ថង លូនស៊ីសូលីត ប្រធានាធិបតី, ឯកឧត្តម សាយ សំភូនភូមិវិហាន ប្រធានរដ្ឋសភា, ឯកឧត្តម ផន ខាំវីផាវ៉ាន់ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំឡាវជាច្រើនរូបទៀតផងដែរ៕អត្ថបទ៖ សេក ឧត្តម