ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រការបង្កើតឡើងនូវ មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund) ដែលនឹងចូលរួមចំណែកក្នុងបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងបំពាក់នូវជំនាញ និងឧបករណ៍ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជា ក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤។
សម្តេចតេជោ ហ៊ុនសែន លើកឡើងក្នុងពិធីបើកវេទិកាភាពជាដៃគូអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមូត និងឆ្លើយតបរហ័ស” នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ស្វាគមន៍នូវគំនិតផ្តួចផ្តើម របស់វិទ្យាស្ថានយុទ្ធសាស្រ្តដើម្បីអាស៊ីប៉ាស៊ីហ្វីក និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការបង្កើតឡើងនូវ បង្កើតឡើងនូវ តំបន់សេដ្ឋកិច្ច ឬវិនិយោគបៃតង។
សូមបញ្ជាក់ថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។
វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា៕
អត្ថបទ៖ វណ្ណៈ
