ទុយនេស៊ី៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុលិចទូកនៅឆ្នេរសមុទ្រប្រទេសទុយនេស៊ី ខណៈមនុស្ស ១២នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។ ឆ្មាំសមុទ្រទុយនេស៊ីបានជួយសង្គ្រោះមនុស្ស ១៤នាក់ បន្ទាប់ពីទូកដែលដឹកជនអន្តោប្រវេសន៍ ៣៧នាក់ទៅកាន់ប្រទេសអ៊ីតាលីបានលិច។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TAP បានរាយការណ៍ថា សាកសពចំនួន ៥នាក់បន្ថែមទៀតត្រូវបានគេរកឃើញកាលពីយប់ថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១១នាក់។ ជនអន្តោប្រវេសន៍ជាង ១,០០០នាក់ត្រូវបានគេគិតថាបានស្លាប់នៅឆ្នាំនេះ ដោយព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេភាគកណ្តាល។ តួលេខនេះបានមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិគឺអង្គការទេសន្តរប្រវេសន៍អន្តរជាតិ។ ក្នុងចំណោមជនអន្តោប្រវេសន៍ ១.០៣៣នាក់ត្រូវបានចាត់ទុកថាស្លាប់ ឬបាត់ខ្លួន ហើយ ៩៦០នាក់ត្រូវបានគេគិតថាបានលង់ទឹក។ ទូកប្រទេសទុយនេស៊ីបានចេញដំណើរពីតំបន់ Sfax ដោយទូកបានលិចនៅចម្ងាយប្រហែល ៤០ម៉ាយជិតឆ្នេរសមុទ្រក្បែរតំបន់ Chebba ទីក្រុង Mahdia។
ឆ្នេរសមុទ្រជុំវិញតំបន់ Sfax បានក្លាយជាចំណុចចេញដំណើរដ៏សំខាន់ សម្រាប់អ្នកដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេក្នុងក្តីសង្ឃឹមនៃការធ្វើដំណើរទៅដល់អឺរ៉ុប។ កោះ Lampedusa របស់ប្រទេសអ៊ីតាលីស្ថិតនៅចន្លោះឆ្នេរសមុទ្រភាគខាងកើតប្រទេសទុយនេស៊ី និងកោះស៊ីស៊ីលី ហើយជារឿយៗជាគោលដៅសម្រាប់អ្នកដែលព្យាយាមទៅដល់អឺរ៉ុបពីអាហ្វ្រិកខាងជើង។ យោងតាមទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex បានឲ្យដឹងថា មានការចូលមកមិនទៀងទាត់ចំនួន ៥២,០០០នាក់តាមច្រកសមុទ្រមេឌីទែរ៉ាណេភាគកណ្តាលចន្លោះពីខែមករាដល់ខែសីហាឆ្នាំនេះ ដោយមានជនអន្តោប្រវេសន៍ភាគច្រើនមកពីប្រទេសទុយនេស៊ី អេហ្ស៊ីប និងបង់ក្លាដែស៕
អត្ថបទ៖ ប៊ុនថន