
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសត្រៀមរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជុំខាងមុខនេះ។
ការត្រៀមរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សាលារាជធានីភ្នំពេញឲ្យពិនិត្យពិចារណា ក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន(រថយន្តក្រុងសាធារណៈ)ដល់ប្រជាពលរដ្ឋ ទៅកាន់បណ្តាខេត្ត-ក្រុងនានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចដែលយើងបានធ្លាប់ធ្វើកន្លងមក គឺមុនពេល នៃការរីករាលដាលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយការចំណាយពលរដ្ឋ និងទប់ជាមួយការដំឡើងថ្លៃរថយន្តឈ្នួល(TAXI)៕

