សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ ដល់ពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងលំនៅឋានថ្មី នៅតំបន់រុនតាឯក។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះក្នុងឱកាសសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
សម្ដេចតេជោបានបញ្ជាក់ថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃមរនីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រយៈពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។
ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។
សូមជម្រាបថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារចម្រុះបានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣.៣៥១ក្បាលដី ទំហំ ១០.៩៤៥ហិកតា៕




