ស៊ីហ្គេម៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ ឯកឧត្តម Wu Gouquan កុងស៊ុលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មតំណាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានជួបសំណេះសំណាល និងជូនដំណើរប្រតិភូ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន ១៦១នាក់លើ ១២ប្រភេទកីឡាដែលត្រៀមចេញទៅហ្វឹកហាត់នៅចិននាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។
កម្មវិធីជួបសំណេះសំណាល និងជូនដំណើរនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ព្រមទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីដែលត្រៀមចេញទៅហាត់នៅចិន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនផងដែរ។ ឆ្លៀតឱកាសនោះ ឯកឧត្តម Wu Gouquan បានអបអរសាទរប្រតិភូ និងអត្តពលិកកកម្ពុជាទាំងអស់ដែលត្រៀមចេញទៅហាត់នៅចិននាពេលនេះ បន្ទាប់ពីការខិតខំប្រឹងប្រែងរវាងភាគីចិន និងកម្ពុជាដើម្បីជំរុញគម្រោងមួយនេះឲ្យដំណើរការរលូន។ ឯកឧត្តមបានចាត់ទុកការផ្ដល់ជំនួយបច្ចេកទេសកីឡារបស់ចិននេះ គឺជាផ្នែកមួយទៀតដើម្បីពង្រឹងចំណងមិត្តភាពមិត្តដែកថែប និងយុទ្ធសាស្ដ្រយូរអង្វែងរវាងចិន និងកម្ពុជា។ តំណាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដដែលបន្ថែមថា ដើម្បីជួយកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ រដ្ឋាភិបាលចិនមិនត្រឹមតែអនុវត្តគម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ ថែមទាំងផ្ដល់ជំនួយបច្ចេកទេសកីឡា ក្នុងគោលបំណងបង្កើនបច្ចេកទេសតាមរយៈការហ្វឹកហាត់ និងផ្ដល់សម្ភារៈ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀតផង។
ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុកវេទិកាជួបសំណេះសំណាល និងជូនដំណើរនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅមួយ សម្រាប់ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការពិសេសនៃមិត្តដែកថែប និងយុទ្ធសាស្ដ្រយូរអង្វែងរវាងកម្ពុជា-ចិន បានចេញជាលទ្ធផលនៃការជួយដល់វិស័យកីឡាកម្ពុជា ពិសេសការផ្ដល់ជំនួយឥតសំណងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងជួយកីឡាករ-កីឡាការិនីក្នុងការស្វែងរកបច្ចេកទេសហ្វឹកហាត់ខ្ពស់ តាមរយៈការចេញទៅហ្វឹកហាត់នៅចិននៅពេលនេះ។ ទន្ទឹមជាមួយគ្នា ឯកឧត្តមបានជំរុញ និងផ្ដាំផ្ញើដល់ប្រតិភូ កីឡាករ-កីឡាការិនីទាំងអស់ត្រូវយកឱកាសហ្វឹកហាត់ដ៏មានសារៈសំខាន់នេះ ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីស្រូបបានមកវិញនូវសិទ្ធផល និងគុណផលកីឡាកម្រិតខ្ពស់ត្រឡប់មកវិញ សម្រាប់ត្រៀមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កីឡាករ-កីឡាការិនីទាំងអស់ត្រូវត្រៀមទទួលយកនូវរាល់ការលំបាក និងការឈឺចាប់ក្នុងការហ្វឹកហាត់ដោយចាត់ទុកជារឿងធម្មតា ហើយប្រែរឿងធម្មតានោះទៅជារឿងអស្ចារ្យក្នុងអាជីព និងប្រទេសជាតិ។ លើសពីនេះត្រូវរក្សានូវវិន័យ និងសេចក្ដីថ្លៃថ្នូរក្នុងការចេញទៅហ្វឹកហាត់ ក្នុងនាមអត្តពលិកតំណាងជាតិទាំងមូល និងក្នុងនាមកិច្ចសហការរវាងប្រទេសទាំងពីររវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ហេតុនេះត្រូវរក្សាកិត្តិយស និងមិត្តភាពនេះដើម្បីជំរុញដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ប្រតិបត្តិករកីឡាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន៕
អត្ថបទ៖ លី ឈុនឡា