សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះបីជាលោកហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយក៏សម្តេចគាំទ្រឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតដែរ ពីព្រោះថា លោកហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សមនឹងធ្វើជាអ្នកដឹកនាំប្រទេស និងសមជាអ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះគឺជាការឆ្លើយតបបន្ទាប់ពីក្រុមអ្នកវិភាគច្រំដែលៗមួយចំនួន ដែលបានលើកឡើងម្តងហើយម្តងទៀតថា ការដាក់លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលខាងមុខ គឺជាបក្សពួកនិយម និងលើកបន្ទុកដល់កូនខ្លួនឯងនោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបើលោកហ៊ុន ម៉ាណែត គ្មានសមត្ថភាព និងគ្មានភាពជាអ្នកដឹកនាំទេនោះ ក៏សម្តេចមិនគាំទ្រឲ្យដឹកនាំដែរ ពីព្រោះថាសម្តេចមិនអនុញ្ញាតឱ្យនរណាម្នាក់ មកបំផ្លាញគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនោះទេ ខណៈគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។
សូមជម្រាបថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី។ ការបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយកររដ្ឋមន្រ្តីបន្តវេនពីសម្តេចតេជោនេះ គឺមានសមាជិក-សមាជិកា គណៈកម្មាធិការកណ្តាលចំនួន៧៧៥នាក់៕ អត្ថបទ៖ បាន ចក់
