វាយកូនបាល់៖ កីឡាករ-ការិនីវាយកូនបាល់ជម្រើសជាតិកម្ពុជា ៦រូបកំពុងសំងំហ្វឹកហាត់នៅអាមេរិក ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ជា ពៅ គ្រូបង្វឹកក្រុមកីឡាវាយកូនបាល់កម្ពុជា។

គ្រូបង្វឹកដដែលបានបញ្ជាក់ថា សមាជិកក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ត្រៀមស៊ីហ្គេមគឺមាន ១១នាក់ក្នុងនោះ ៥នាក់កំពុងហ្វឹកហាត់ក្នុងស្រុក និង ៦នាក់ទៀតត្រូវបានសហព័ន្ធបញ្ជូនទៅហ្វឹកហាត់នៅអាមេរិកគឺមានកីឡាករ ៣នាក់ និងកីឡាការិនី ៣នាក់។ លោកថា បច្ចុប្បន្នសហព័ន្ធកំពុងខិតខំ និងយកចិត្តទុកដាក់ជាខ្លាំងក្នុងការពង្រឹងសមត្ថភាពក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីឈានទៅសម្រេចផែនការដណ្ដើមមេដាយមាសយ៉ាងហោច ១គ្រឿងដែលគណៈកម្មាធិការជាតិ CAMSOC បានកំណត់សន្ទស្សន៍មេដាយសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំក្រោយ។
តាមរយៈនេះសហព័ន្ធបានពង្រឹងផែនការហ្វឹកហាត់ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជារៀបចំការប្រកួតជាច្រើនដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី។ ជាការកត់សម្គាល់ សហព័ន្ធសង្កេតឃើញក្រុមកីឡាករ-កីឡាការិនីកម្ពុជាឆ្នាំនេះមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលជាក្ដីសង្ឃឹមឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ។ លោក ជា ពៅ បានឲ្យដឹងថា កីឡាករ-កីឡាការិនីវាយកូនបាល់កម្ពុជា ៦រូបដែលកំពុងហ្វឹកហាត់នៅអាមេរិករួមមានកីឡាករ ក្រូសលីន ម៉ាឌីវ ដាវិត, ឡេង សារិនរាជ និងកីឡាករ ទេព ទីម៉ូធី រួមជាមួយកីឡាការិនី កាអង់ដ្រេអា ដារ៉ាវី, ក្រូសលីន ហ្គ្រាសអានិត្យ និងកីឡាការិនី ស៊ុម ចិន្ដា៕
អត្ថបទ៖ លី ឈុនឡា