បាល់ទាត់៖ ក្រុមដែលកំពុងធ្លាក់ចុះទម្រង់លេងខ្លាំងហង្សក្រហម Liverpool នឹងទទួលស្វាគមន៍ក្រុមដែលកំពូលឡើងជើងខ្លាំង Ajax Amsterdam រាត្រីនេះប្រកួតទី២ នៃវគ្គវិលជុំក្នុងពូល A ក្របខណ្ឌ UEFA Champions League។ ក្រុមរបស់លោក Jurgen Klopp បានរងបរាជ័យធ្ងន់ករនៅទឹកដី Napoli សប្តាហ៍មុន ៤-១ ខណៈ Ajax យកឈ្នះ Rangers ៤-០។

បរាជ័យរបស់ Liverpool នៅទឹកដីអ៊ីតាលីសប្តាហ៍មុនត្រូវបានលោក Jurgen Klopp ហៅថា ជាការប្រកួតអន់បំផុតក្រោមការដឹកនាំរបស់លោកតាំងពីមកកាន់តំណែងនៅ Liverpool។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ នៅពេលនេះមើលឃើញថា Ajax ជាក្រុមរៀបចំបានល្អ និងជាគូប្រកួតតានតឹងមួយក្នុងពូល A នេះ។ ខ្សែការពារឆ្វេងរបស់ Liverpool, Andy Robertson នឹងអវត្តមានយប់នេះដោយសាររបួសជង្គង់ ខណៈកីឡាករផ្សេងទៀតដែលមានរបួសរួមមាន Curtis Jones, Naby Keita និង Alex Oxlade-Chamberlain។
ចំណែក Ajax មានកីឡាករម្នាក់តែប៉ុណ្ណោះដែលមានរបួសគឺខ្សែការពារឆ្វេង Owen Wijndal ដែលមានរបួសកជើង។ Ajax មុនមកដល់ប្រកួតនេះបានយកឈ្នះ Heerenveen ៥-០ ក្នុងលីគ ខណៈ Liverpool មិនមានការប្រកួតឡើយ ដោយសារអង់គ្លេសកាន់ទុក្ខនៃការយាងសោយព្រះពិរាល័យម្ចាស់ក្សត្រីយ៍ Elizabeth II៕
អត្ថបទ៖នាង សុភាវុធ