អង់គ្លេស៖ ព្រះមហាក្សត្រ Charles ទី III ទ្រង់បានមានព្រះបន្ទូលសង្កត់ធ្ងន់ភ្លាមៗថា ទ្រង់គឺជាមហាក្សត្រនៃចក្រភពអង់គ្លេសទាំងមូល ក្រោយការសោយព្រះពិរាល័យរបស់ព្រះមាតារបស់ទ្រង់គឺព្រះមហាក្សត្រី Elizabeth ទីII។ ប៉ុន្តែមានការផ្ទុះកំហឹងម្ដងម្កាលបង្កឡើងដោយក្រុមអ្នកប្រឆាំងរាជវង្ស ក្នុងអំឡុងព្រះរាជពិធីផ្លូវការដែលកំពុងធ្វើឡើងនៅទូទាំងប្រទេស។
បុរសម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Oxford កាលពីថ្ងៃអាទិត្យដោយស្រែកពាក្យថា អ្នកណាជ្រើសរើសព្រះអង្គ ខណៈដែលការប្រកាសតែងតាំងព្រះមហាក្សត្រថ្មីត្រូវបានអានលឺៗ។ ក្រោយមកបុរសវ័យ ៤៥ឆ្នាំឈ្មោះ Symon Hill បុគ្គលិកក្រៅម៉ោង នៅអង្គការក្រៅរដ្ឋាភិបាលអ្នកស្រឡាញ់សន្តិភាពមានឈ្មោះថា Peace Pledge Union ត្រូវបានដោះលែងវិញ។ ពេលនិយាយទៅកាន់ទូរទស្សន៍ Sky News របស់អង់គ្លេសរូបគេបាននិយាយថា តើពេលនេះយើងពិតជាកំពុងរស់នៅក្នុងចក្រភពអង់គ្លេសសតវត្សរ៍ទី២១ ជាទីដែលប្រមុខរដ្ឋថ្មីត្រូវបានប្រកាសតែងតាំង ដែលមានគេប្រាប់យើងឲ្យទទួលយកបុគ្គលរូបនេះដោយពុំមានសំណួរឬ? នៅក្នុងទីក្រុង Edinburgh ការប្រកាសតែងតាំងព្រះមហាក្សត្រនេះត្រូវបានបង្កការរំខានដោយក្រុមអ្នកតវ៉ាមួយចំនួន នៅក្នុងចំណោមហ្វូងមនុស្សដែលមិនពេញចិត្ត ហើយម្នាក់ក្នុងចំណោមពួកគេបានកាន់ស្លាកមួយសរសេរថា សាធារណរដ្ឋ។
ចំណែកនៅក្នុងព្រះរាជពិធីហែព្រះសពព្រះមហាក្សត្រីកាលពីថ្ងៃចន្ទនោះដែរ នគរបាលចាប់ខ្លួនបុរសវ័យជំទង់ម្នាក់ដែលបានស្រែកដាក់ព្រះអង្គម្ចាស់ Andrew របស់អង់គ្លេស ទោះបីជាគេមិនដឹងថា បុរសនោះនិយាយពីអ្វីក៏ដោយ ខណៈដែលព្រះអង្គបានហែអមព្រះមជ្ឈូសារបស់ម្ចាស់ក្សត្រី Queen Elizabeth II ទៅកាន់ព្រះវិហារ St Giles ក្នុងទីក្រុង Edinburgh៕
អត្ថបទ៖ សុខមាន