សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពាវនាវដល់គ្រប់បក្សនយោបាយទាំងអស់ កុំយកអ្វីដែលសម្តេច និងរាជរដ្ឋាភិបាលបានធ្វើដើម្បីជាតិ និងប្រជាជននៅតំបន់រុនតាឯក ធ្វើជាអាវុធសម្រាប់វាយប្រហារសម្តេចយកសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតនាពេលខាងមុខនេះ ។
ក្នុងពិធិជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ទីពីក្នុងតំបន់ទី១ និងទី២ នៃរមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិតានី ឃុំរុនតាឯក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការដោះស្រាយរបស់សម្ដេចនាពេលនេះ គឺជាតម្រូវការរបស់ជាតិ មិនមែនដោះស្រាយបញ្ហាគណបក្ស ហើយបង្កឲ្យបក្សដទៃ យកធ្វើជាអាវុធនោះទេ ។
សម្ដេចតេជោ បានបន្តថា ក្នុងចំណោមពលរដ្ឋស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯកនេះ ពីមុនមានចំនួន១៨គ្រួសារ អត់ព្រមចេញ ដែលគាំទ្រដោយគណបក្សយុវជនកម្ពុជា ដោយសម្ដេចបានប្រាប់ទៅប្រធានគណបក្សមួយនេះ ឲ្យបញ្ឈប់សកម្មភាពនយោបាយ ព្រោះថារឿងនេះមិនមែនរឿងគណបក្ស រឿងនយោបាយទេ គឺរឿងទាក់ទិននឹងការរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងតំបន់សៀមរាប ។
ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់ចេញ ពីតំបន់អង្គរ មករស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដើម្បីការពារនូវបេតិកភណ្ឌរបស់ជាតិ ៕
អត្ថបទ៖ បាន សុខរិទ្ធិ




