បាល់ទាត់៖ ក្លិបអេស្ប៉ាញ FC Barcelona បានបញ្ជាក់ថា ខ្សែបម្រើ Philippe Coutinho បានទទួលការវះកាត់នៅប្រទេសប្រេស៊ីល ដើម្បីយកដុំពកនៅជង្គង់ខាងឆ្វេង។ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលកាលពីមួយសប្តាហ៍មុន ការវះកាត់លើកទីពីររបស់អតីតកីឡាករ Liverpool រូបនេះត្រូវបានបញ្ចប់ដោយជោគជ័យ។

Coutinho ប្រហែលជានឹងត្រូវអវត្តមានសម្រាប់រដូវកាលដែលនៅសល់ បើទោះបីជា Barcelona មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ សម្រាប់ការវិលត្រឡប់របស់គាត់ក៏ដោយ។ Coutinho ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកវិញនៅខែមីនា ប៉ុន្តែជាក់ស្តែងមិនអាចវិលត្រឡប់ទៅហ្វឹកហាត់នៅលើទីលានវិញបានទេ បានត្រឹមហ្វឹកហាត់ជាមួយម៉ាស៊ីនហាត់ប្រាណប៉ុណ្ណោះ។ របួសជង្គង់ម្តងហើយម្តងទៀត បានរារាំងដល់ការជាសះស្បើយឡើងវិញ នៅរដូវកាលនេះរបស់ Coutinho ដែលត្រលប់មក Barcelona វិញក្រោយនៅជាមួយ Bayern Munich រដូវកាលមុនក្នុងលក្ខខណ្ឌខ្ចី។ បើតាមរបាយការណ៍សារព័ត៌មានអេស្ប៉ាញឲ្យដឹងថា Barcelona ទំនងជាមិនទុក Coutinho ឡើយនៅរដូវកាលក្តៅខាងមុខ៕
អត្ថបទ៖នាង សុភាវុធ