ភ្នំពេញ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក, នាទីស្តីការក្រសួងព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាកិច្ចចាប់ផ្តើមឯកឧត្តម Carlos Humberto Jiménez Licona បានជម្រាបជូនថា សាធារណរដ្ឋក្វាតេម៉ាឡា ស្ថិតនៅអាមេរិកខាងត្បូង គឺមានអារ្យធម៌មួយដែលហៅថា វប្បធម៌ម៉ាយ៉ា ដែលមានអាយុកាលជាង ២០០០ឆ្នាំមកហើយ។
ជួបទ្វេភាគីថ្ងៃនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត មានបំណងធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ ដូចជាការផ្លាស់ប្តូរអ្នកជំនាញលើការជួសជុល និងអភិរក្សប្រាសាទ ដោយសារសម្បតិ្តបេតិកភណ្ឌ របស់សាធារណរដ្ឋក្វាតេម៉ាឡា មានទំហំធំ។
ដូច្នេះឯកឧត្តម ចាប់អារម្មណ៍លើសម្បតិ្តបេតិកភណ្ឌរបស់កម្ពុជា ជាពិសេសប្រាសាទនៅតំបន់អង្គរ ដែលនាពេលថ្មីៗនេះ ឯកឧត្តម រួមនិងក្រុមការងារ បានធ្វើទស្សនកិច្ច និងចង់បញ្ជូនអ្នកជំនាញបច្ចេកទេសជួសជុល មកផ្លាស់ប្តូរបទពិសោធន៍រវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះក្រសួងវប្បធម៌នៃសាធារណរដ្ឋក្វាតេម៉ាឡា ក៏សុំឲ្យមានកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការរួមគ្នាក្នុងថ្ងៃអនាគត។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា សម្បតិ្តបេតិកភណ្ឌ នៅសាធារណរដ្ឋក្វាតេម៉ា មានការជីកកកាយរកវត្ថុបុរាណ ដ៏សំបូរបែបនាសម័យម៉ាយ៉ា នេះជាចំណុចមួយដែលត្រូវធ្វើការរួមគ្នា ដើម្បីទប់ស្កាត់នូវការលួចជួញដូរវត្ថុបុរាណដោយខុសច្បាប់ ដែលជាឧក្រិដ្ឋកម្មខុសច្បាប់។
វប្បធម៌ ពិតជាមានអត្ថន័យធំធេង សម្រាប់ពិភពលោក និងសម្រាប់មនុស្សទាំងអស់គ្នាក្នុងជីវិត និងមានអ្នកខ្លះមិនទទួលនោះទេ ក៏ប៉ុន្តែត្រូវមានទំនាក់ទំនងគ្នា នេះជាអ្វីដែលវប្បធម៌មាន។
ជាការឆ្លើយតបឯកឧត្តម សោម សុគន្ធ សូមស្វាគមន៍ចំពោះគំនិតនៃការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយថ្នាក់ដឹកនាំក្រសួង និងត្រៀមធ្វើការជាមួយគ្នា ជាពិសេសលើវិស័យវប្បធម៌ ពាក់ព័ន្ធលើការងារអភិរក្ស ថែរក្សាវប្បធម៌របស់ប្រទេសរៀងៗខ្លួន៕
អត្ថបទ រដ្ឋា



