UN៖ មន្ត្រីមួយរូបមកពីអង្គការស្បៀងអាហារពិភពលោកបានព្រមានថា កង្វះស្បៀងអាហារនៅជុំវិញពិភពលោកអាចកាន់តែធ្ងន់ធ្ងរថែមទៀតនៅឆ្នាំក្រោយ ទោះបីជាមានការបន្តការនាំចេញឡើងវិញ នូវគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាលពីខែមុនក៏ដោយ។

លោកស្រី Corinne Fleischer នាយកប្រចាំតំបន់របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក សម្រាប់តំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអឺរ៉ុបខាងកើតបានប្រាប់សារព័ត៌មាន NHK របស់ជប៉ុនថា ការបន្តការនាំចេញផលិតផលកសិកម្មឡើងវិញចេញពីប្រទេសអ៊ុយក្រែន ដែលរងការហែកហួរដោយជម្លោះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់។ ប៉ុន្តែលោកស្រី Fleischer បាននិយាយថា ការវាយលុករបស់រុស្ស៊ីបានបង្កឲ្យខូចខាតដល់ដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងតំបន់នានានៅភាគខាងកើត ជាទីដែលស្បៀងអាហារភាគច្រើនត្រូវបានផលិតនៅទីនោះ។ លោកស្រីក៏បាននិយាយផងដែរថា ក្រុមកសិករជាច្រើនកំពុងស្ថិតនៅខ្សែបន្ទាត់ជួរមុខ។
លោកស្រីរំពឹងថា ការប្រមូលផលគ្រាប់ធញ្ញជាតិរបស់អ៊ុនក្រែន ដែលនឹងចូលមកដល់នៅពេលខាងមុខនឹងទទួលបានប្រមាណ ៣០% តិចជាងរដូវប្រមូលផលកាលពីកន្លងទៅ ដែលបានមើលឃើញការប្រមូលផលបានយ៉ាងច្រើនរហូតដល់ ១០០លានតោន។ លោកស្រីបានព្រមានពីការធ្លាក់ចុះ ដែលអាចកើតឡើងបាននៅក្នុងការងារផលិតកសិកម្មសកល។ លោកស្រីនិយាយថា កសិករនៅទូទាំងសកលលោកកំពុងជួបការលំបាកទៅលើជីកសិកម្ម ដោយសារតែការហក់ឡើងថ្លៃខ្លាំងក្រោយរុស្ស៊ីវាយលុកអ៊ុយក្រែន ដែលជាប្រទេសផលិតជីកសិកម្មធំបំផុត និងនាំចេញដ៏សំខាន់។ លោកស្រីក៏បានរំពឹងផងដែរថា ពីការប៉ះពាល់ធ្ងន់ធ្ងរលើសន្តិសុខស្បៀងសកល កើតចេញពីស្ថានភាពបម្រែបម្រួលអាកាសធាតុ រួមទាំងទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន និងគ្រោះរាំងស្ងួតនៅប្រទេសចិន និងអឺរ៉ុប៕
អត្ថបទ៖ សុខមាន