ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារមួយចំនួនជាមួយលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ក្រោយបញ្ចប់បេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងកិច្ចជំនួននោះលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ថៃ ដែលបានអនុវត្តកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមានដំណើរការឥតអាក់ខាន ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត។
ជាមួយគ្នានោះលោក ឯកអគ្គរាជទូតក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈកាលកន្លងមកនេះផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ (កម្ពុជា-ថៃ) ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិជាដើម។
នៅក្នុងកិច្ចជំនួបនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូតចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស កងទ័ព និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការអរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្ររបស់ប្រទេសថៃដល់ការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា ដោយរាប់ទាំងវិធានការនៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាជាដើមនោះ។
ទាំងនេះគឺបានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាព, ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងពីរ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា និងជាសមាជិកអាស៊ានដូចគ្នា៕អត្ថបទ៖បាន ចក់




