សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) គួរចេញបកស្រាយចំពោះការចោទប្រកាន់ថាបានបង្កើតព្រឹត្តិការណ៍ កៀរគរមនុស្សទៅប្រមូលផ្ដុំនៅក្នុងចម្ការជិតភ្នំគូលែន ដើម្បីគ្របរឿងរ៉ាវភ្នំតាម៉ៅ ដែលកំពុងមានការចាប់អារម្មណ៍ តាមការបញ្ជារបស់សម្ដេច។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយ ដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងលើកឡើងពីបញ្ហានយោបាយ និងបញ្ហាលោក ខឹម វាសនា ដែលបានបង្កើតព្រឹត្តិការណ៍ កៀរគរអ្នកគាំទ្រទៅរស់នៅប្រមូលផ្តុំនៅចម្ការក្បែរជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី កាលពីពេលកន្លងទៅថ្មីៗនេះ។
ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ បានផ្តាំទៅលោក ខឹម វាសនា គួរចេញឆ្លើយតបចំពោះ ការ លើកឡើងថា ការបង្កើតព្រឹត្តិការណ៍ជើងភ្នំគូលែន របស់លោក ខឹម វាសនា គឺធ្វើតាមបញ្ជារបស់សម្តេច ដើម្បីបន្សាបបញ្ហាភ្នំតាម៉ៅ ដូច្នេះដើម្បីកុំឱ្យក្លាយជាអាយ៉ងសម្ដេច គឺលោក ខឹម វាសនា ត្រូវតែចេញបកស្រាយចំពោះបញ្ហានេះ ។
លោក ខឹម វាសនា កាលពីចុងខែមុន បានឃោសនាកៀរគរឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលផ្ដុំគ្នានៅដី ចម្ការរបស់ខ្លួន នៅក្បែរជើងភ្នំគូលែន ដោយបាននិយាយថា នឹងមានទឹកលិចផែនដី តែទោះជាយ៉ាងណា ការប្រមូលផ្ដុំនោះ ត្រូវបានរំសាយវិញអស់ហើយ បន្ទាប់ពីអាជ្ញាធរព្រមានចាត់វិធានការ៕អត្ថបទ៖ មុត សុទ្ធ
