ភ្នំពេញ៖ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ សម្រេចបានជាង ៩ ៨៧៩ ប៊ីលានរៀល ត្រូវជាង ២ ៤៣៩ លានដុល្លារអាមេរិក ស្មើរប្រមាណ ៨៦,៥១% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
លោក ម៉ុង ឡាមី ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងបទបង្ហាញ នៅក្នុងជំនួបពិភាក្សាការងាររវាង លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និង លោក Alasdair Scott ប្រធានក្រុមបេសកជន ទទួលបន្ទុកប្រទេសកម្ពុជា នៃប្រតិភូ (IMF Article IV Mission) នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២។
ការប្រមូលចំណូលមានប្រសិទ្ធភាពនេះ គឺដោយសារវិធានការដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល រួមមាន៖ ការកែសម្រួលតម្លៃមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងពន្ធប្រថាប់ត្រា,ការពង្រឹងអនុលោមភាពពន្ធលើដីធ្លីមិនបានប្រើប្រាស់, ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន, ការពង្រឹងការចុះបញ្ជីសហគ្រាស, ការធ្វើទំនើបកម្មប្រព័ន្ធ E-Filing និង E-Payment ជាដើម។
ចំណែកការគ្រប់គ្រងប្រមូលចំណូលពន្ធដារសម្រាប់ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រេចបានជាង ១១ ២៦៦ ប៊ីលានរៀល ត្រូវប្រមាណជិត ២ ៧៨២ លានដុល្លារអាមេរិក ស្មើរ ១២៤,២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
អគ្គនាយកដ្ឋានពន្ធដារ បានរំពឹងថា អាចនឹងសម្រេចបានគ្រប់និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។
នៅក្នុងបទបង្ហាញនេះ លោក ម៉ុង ឡាមី បានបញ្ជាក់ថា ចំពោះស្ថានភាពនៃការបន្តរក្សាកំណើនចំណូលនេះ អាចសម្រេចបានអាស្រ័យដោយកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការកៀរគរចំណូលពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការពង្រឹងអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំអភិវឌ្ឍន៍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដើម្បីគាំទ្រ រួមទាំងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម ក្នុងការប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីនានាជូនអ្នកជាប់ពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី
