ភ្នំពេញ៖ ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាថា នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ ការផ្គត់ផ្គង់ និងចែកចាយចំណីរអាហារនៅលើទីផ្សារ មិនមានការខ្វះខាតនោះឡើយ ខណៈបច្ចុប្បន្នការផលិត នឹងវេចខ្ចប់ចំណីអាហារនៅក្នុងស្រុក បានដំណើរការល្អប្រសើរ និងជាអាហារដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ។
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០២២នេះថា ទាក់ទងនឹងការផលិត និងវេចខ្ចប់ចំណីអាហារ ជាពិសេសនៅក្នុងវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងផ្តល់ជាហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ដំណើរការផលិត សម្រាប់ការផ្គត់ផ្គង់ និងការចែកចាយចំណីអាហារនៅលើទីផ្សារ។
លោក បន្តថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងនោះបន្ទាប់ពីការបើកប្រទេស និងបើកឲ្យដំណើរគ្រប់វិស័យឡើងវិញ ចំពោះការផលិត និងវេចខ្ចប់ចំណីអាហាររបស់សហគ្រាស និងសិប្បកម្មនៅកម្ពុជា បានដំណើរការល្អប្រសើរ និងងើបឡើងវិញជាបណ្តើរៗ ជាពិសេសនៅក្នុងឱកាសភ្ជុំបិណ្ឌនេះ ម្ចាស់សហគ្រាស និងសិប្បកម្មនានាបានបង្កើនការផលិត សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ហើយក្នុងឱកាសនេះដែរ ម្ចាស់អាជីវកម្មមួយចំនួន ក៏បានលើកទឹកចិត្ត ឬក៏បញ្ចុះថ្លៃជូនដល់ប្រជាពលរដ្ឋផងដែរ។
ចំណែកពាក់ព័ន្ធសុវត្ថិភាពចំណីអាហារ លោក មៀវ សុខទ្រី បានបញ្ជាក់ថា ពាក់ព័ន្ធសុវត្ថិភាពចំណីអាហារនេះ សមាជិករបស់សមាគមអ្នកផលិតចំណីអាហារទាំងអស់ បានចុះបញ្ជីការ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនិវានុវត្តន៍យ៉ាងត្រឹមត្រូវ ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាល និងបានផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារទៅដល់ខេត្ត-ក្រុងជាបន្តបន្ទាប់ ដូច្នេះចំពោះផលិតផលដែលផលិត ឬវេចខ្ចប់ចំណីអាហារចេញពីសមាជិករបស់សមាគម គឺធានានូវសុវត្ថិភាព ១០០ ភាគរយ ដល់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា ទាក់ទងសុវត្ថិភាពចំណីអាហារនេះ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក និងជម្រុញលើកទឹកចិត្តដល់សាធារណៈជន និងស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងវីរុសកូវីដ ១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងបន្ទាប់ពីចប់ពិធីបុណ្យប្រពៃណីជាតិនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការពារខ្លួនជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីសុវត្ថិភាព និងសុខភាពរបស់ខ្លួន៕
អត្ថបទ៖ សុន រ៉ាឌី