បាល់ទាត់៖ ក្លិបសារិកាព្រៃ Newcastle បានសំរេចក្នុងការនាំយកអ្នកចាំទីអាល្លឺម៉ង់ Loris Karius ក្នុងកិច្ចសន្យារយៈពេលខ្លីត្រឹមខែមករាដើម្បីបំពេញការខ្វះខាតអ្នកចាំទីដៃទី២។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបាននៅទំនេរពីក្លិបអាជីពបន្ទាប់ពីចាកចេញពី Liverpool ចុងរដូវកាលមុន ហើយការមកដល់កីឡដ្ឋាន St. James Park នេះ Karius ក៏មានលក្ខខណ្ឌបន្តបន្ថែមកិច្ចសន្យាដល់ចប់រដូវកាលផងដែរ។

Loris Karius មកកាន់ Newcastle បន្ទាប់ពីអ្នកចាំទីដៃទី២ Karl Darlow មានរបួសកជើងត្រូវសម្រាកច្រើនខែ។
Newcastle បានបាត់អ្នកចាំទីដៃទី១ របស់ខ្លួន Martin Dubravka ដែលផ្លាស់ទៅកាន់ Manchester United ក្នុងលក្ខខណ្ឌខ្ចី ខណៈអ្នកចាំទីអង់គ្លេស Nick Pope គឺជាជម្រើសដំបូងក្រោយផ្លាស់ពី Burnley។ រំលឹកថា Loris Karius មានប្រវត្តិជូរចត់ការពីឆ្នាំ២០១៨ នៅវគ្គផ្តាច់ព្រ័ត្រ UCL ពេល Liverpool ចាញ់ Real Madrid ៣-១ ពោលគឺ Karius មានកំហុសធ្ងន់ធ្វើឱ្យមានគ្រាប់បាល់ពីរគ្រាប់ក្នុងចំណោម ៣ នោះ៕
អត្ថបទ៖នាង សុភាវុធ