UN៖ ប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា លោកបានចាប់ផ្តើមការពិភាក្សាជាមួយអ៊ុយក្រែន និងរុស្ស៊ី ចំពោះការអំពាវនាវរបស់លោកឱ្យធានាបានតំបន់ការពារសុវត្ថិភាពនុយក្លេអ៊ែរ នៅជុំវិញរោងចក្រថាមពល Zaporizhzhia ហើយភាគីទាំងពីរហាក់ដូចជាមានការចាប់អារម្មណ៍។

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានធ្វើសំណើរបស់លោកកាលពីសប្តាហ៍មុន បន្ទាប់ពីបានដឹកនាំក្រុមអធិការកិច្ចទៅកាន់រោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ដែលមានម៉ាស៊ីនរ៉េអាទ័រចំនួន ៦គ្រឿង។ លោក Grossi បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារថា អ្វីដែលយើងត្រូវការនៅទីនេះគឺអ៊ុយក្រែន និងរុស្ស៊ី ដើម្បីព្រមលើគោលការណ៍សាមញ្ញបំផុតនៃការមិនវាយប្រហារ ឬមិនបាញ់ផ្លោងនៅរោងចក្រ។
ទីភ្នាក់ងារ IAEA មិនបានកំណត់ពីការដាក់កំហុស សម្រាប់ការបាញ់ផ្លោងកាលពីពេលថ្មីៗនេះទេ ដែលអ៊ុយក្រែន និងរុស្ស៊ីបានដាក់កំហុសគ្នាទៅវិញទៅមក។ រោងចក្រនេះត្រូវបានចូលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ប៉ុន្តែធ្វើប្រតិបត្តិការដោយបុគ្គលិកអ៊ុយក្រែនចាប់តាំងពីដើមដំបូងនៃសង្គ្រាម។ រោងចក្រ Zaporizhzhia ត្រូវបានភ្ជាប់ឡើងវិញទៅកាន់បណ្តាញអគ្គិសនីរបស់អ៊ុយក្រែនកាលពីចុងសប្តាហ៍ ដែលបានអនុញ្ញាតឱ្យវិស្វករបិទម៉ាស៊ីនរ៉េអាក់ទ័រប្រតិបត្តិការចុងក្រោយរបស់ខ្លួន ក្នុងបំណងបញ្ចៀសគ្រោះមហន្តរាយ ខណៈការប្រយុទ្ធគ្នានៅក្នុងតំបន់នេះនៅតែបន្ត៕
អត្ថបទ៖ ប៊ុនថន