ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី អនុប្រធានគណបក្ស បានយាងដាក់កូរោនផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រីយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស ដែលបានសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជម្ម៩៦ ព្រះវស្សា នៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្នុងនាមប្រជារាស្ត្រខ្មែរ និងថ្នាក់ដឹកនាំសមាជិកសមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច បានសម្តែងនូវមនោសព្ចោតនាដ៏សែនក្រៀមក្រំបំផុត ចូលរួមរំលែកមរណទុក្ខជាមួយព្រះរាជវង្សានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការបាត់បង់ដ៏ធំធេងនូវអង្គព្រះមហាក្សត្រិយ៍ដ៏ឆ្នើម ដែលជានិមិត្តរូបនៃប្រជាជាតិ និងប្រជាជននៃចក្រភពអង់គ្លេស។
ក្នុងឱកាសនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សូមឧទ្ទិសបួងសួងចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ ទ្រង់បានយាងទៅសោយសុខក្នុងសុគតិភពជានិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕




