បាល់ទាត់៖ ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ចំនួន ៧គូទៀតក្នុងសប្ដាហ៍ទី៥ និងសប្ដាហ៍ទី៦ ដែលបានលើកពេល និងគ្រោងប្រកួតនៅថ្ងៃទី០៧-មេសា និងថ្ងៃទី១១-មេសា ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់កម្ពុជា-CNCC សម្រេចលើកពេលជាថ្មីទៀតហើយ បន្ទាប់ពីមានការស្នើសុំ និងឯកភាពរបស់ក្លិបពាក់ព័ន្ធ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ចំពោះកម្មវិធីប្រកួតសប្ដាហ៍ទី៥ ដែលគ្រោងប្រកួតថ្ងៃនេះ ហើយត្រូវបានលើកពេលគឺមាន ៤គូ រួមមានក្រុមកោះកុងអែហ្វស៊ីជួបខេត្តព្រះសីហនុ, ខេត្តកំពង់ចាមជួបខេត្តកណ្ដាល, ខេត្តកំពតជួបខេត្តកែប និងក្រុមសៀមរាបអែហ្វស៊ីជួបខេត្តឧត្ដរមានជ័យ។ រីឯការប្រកួតសប្ដាហ៍ទី៦ ដែលគ្រោងប្រកួតនាថ្ងៃទី១១-មេសា ហើយត្រូវលើកពេលគឺមាន ៣គូរួមមានខេត្តស្វាយរៀងជួបខេត្តកណ្ដាល, ខេត្តកំពតជួបខេត្តកោះកុង និងខេត្តកែបជួបខេត្តព្រះសីហនុ ខណៈកាលបរិច្ឆេទប្រកួតថ្មី CNCC មិនទាន់បញ្ជាក់នោះទេ។ យោងតាមការលិខិតរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានបញ្ជាក់ថា ការលើកពេលនេះគឺយោងតាមការស្នើសុំ និងឯកភាពគ្នារវាងក្លិបជាប់ពាក់ព័ន្ធ ក៏ដូចជាយោងតាមស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ-១៩ នៅតែបន្ដរីករាលដាលក្នុងសហគមន៍ មិនទាន់មានភាពធូរស្រាលនៅឡើយ ពិសេសនៅភ្នំពេញ និងតាមតំបន់នៃបណ្ដាខេត្តមួយចំនួន ក៏ដូចជាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ ទើប CNCC សម្រេចលើកការប្រកួតទាំង ៧គូនេះតែម្ដង។
គួរបញ្ជាក់ថា ដោយសារការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យកម្មវិធីប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះតាមខេត្តត្រូវបានអូសបន្លាយដែរ ដ្បិតការប្រកួតជាច្រើនត្រូវបានលើកពេលជាបន្ដបន្ទាប់ ដោយប្រកួតខ្លះលើកពេលម្ដង ខ្លះលើកពេលរហូតដល់ ៣ដងឯណោះដើម្បីកាត់បន្ថយការរីករាលដាល និងឆ្លងជំងឺកូវីដ-១៩។ ទន្ទឹមជាមួយគ្នា CNCC ក៏បានអំពាវនាវឲ្យបណ្ដាក្លិបទាំងអស់ គោរពវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលនេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា