
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ ការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងសុន្ទរកថាគន្លឹះក៏ដូចជាផ្តល់នូវទស្សនទានមួយចំនួន ដើម្បីជាធាតុចូលសម្រាប់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ យកទៅជជែកស្វែងរកកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងដោះស្រាយវិបត្តិ៕







