ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ហើយក៏ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានចំអកឲ្យទណ្ឌិត សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះថា ធ្វើនយោបាយតាមបែបស៊ីអារម្មណ៍ ហើយចូលចិត្តនិយាយដើមក្មេងដោយគ្មានភាពខ្មាស់អៀន ខណៈទណ្ឌិតរូបនេះធ្វើការវាយប្រហារដល់លោកម្តងហើយម្តងទៀត ដោយគ្មានទឡ្ហីករណ៍ច្បាស់លាស់នោះ។
យោងតាមវិដេអូខ្លីបលោក ប្រហែលជិត១២នាទី ដែលបានបង្ហោះនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា លោកអ៊ុំម្នាក់គឺចង់សំដៅដល់(ទណ្ឌិត សម រង្ស៊ី)ដែលចូលចិត្តធ្វើបាបក្មេង និងវាយប្រហារកូនក្មេងនោះ ជាអ្នកនយោបាយជើងចាស់គ្មានចក្ខុវិស័យ និងគ្មានគោលដៅច្បាស់លាស់នោះទេ ម្តងទៅលិចម្តងទៅកើតតាមតែអារម្មណ៍របស់ខ្លួនដូច្នេះហើយបានជាគណបក្សរបស់ខ្លួនកាន់តែថយទៅៗនោះ។
លោកហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់បន្ថែមទៀតថា« លោកអ៊ុំ (ទណ្ឌិតសម រង្ស៊ី) តែងតែវាយប្រហារមើលងាយរូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាលពីម្សិលមិញក៏ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុករបស់ខ្ញុំមានប្រសាសន៍ពាក់ព័ន្ធនឹងរឿងបេក្ខភាពបន្តវេន។ កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុច្រើនទេ ដោយសារពេលវេលារបស់ខ្ញុំគឺត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុំ។ ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនេះនិយាយបន្តិចពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារ និងមើលងាយខ្ញុំដដែលជាដដែលមិនចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា»។
លោកហ៊ុន ម៉ាណែត បានបន្ថែមទៀតថា លោកមិនចង់ធ្វើការវាយប្រហារដល់នណាម្នាក់នោះទេ ប៉ុន្តែលោកក៏មានសិទ្ធឆ្លើយតប និងបញ្ជាក់ហេតុផលទៅវិញចំពោះអ្នកដែលបានវាយប្រហារដល់លោក ដើម្បីឲ្យជនរួមជាតិធ្វើការវិនិឆ័យ ខណៈទណ្ឌិត សម រង្ស៊ី ធ្វើការចោទប្រកាន់ម្តងហើយម្តងទៀតថា កាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន, ជាមនុស្សមានអាយុក្មេងមិនដឹងអី, ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល និងជាមនុស្សគ្មានស្នាដៃអ្វីជាដើមនោះ៕
សូមស្ដាប់ប្រសាសន៍លោក ហ៊ុន ម៉ាណែតតាមរយៈ៖ https://t.me/btvnewscambodia/55079