រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីចិនលោក Xi Jinping នឹងពិភាក្សាបញ្ហាអ៊ុយក្រែន និងកោះតៃវ៉ាន់នៅឯជំនួបមួយក្នុងប្រទេសអ៊ូហ្សបេគីស្ថាននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញាស្អែកនេះ ដែលវិមានក្រឹមឡាំងនិយាយថា នឹងមានអត្ថន័យពិសេសទាក់ទងនឹងស្ថានភាពភូមិសាស្ត្រនយោបាយ។
លោក Xi នឹងចាកចេញពីប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំសម្រាប់នៅសប្ដាហ៍នេះទៅកាន់តំបន់អាស៊ីកណ្ដាល ជាទីដែលលោកនឹងជួបលោក Putin ត្រឹមតែរយៈពេល ១ខែមុនពេលលោកគ្រោងពង្រឹងអំណាចរបស់លោក ជាមេដឹកនាំកំពូលដ៏មានឥទ្ធិពលបំផុតចាប់តាំងពីមេដឹកនាំ Mao Zedong មក។ មនុស្សជំនិតរបស់វិមានក្រឹមឡាំងលោក Yuri Ushakov បាននិយាយនៅសន្និសីទសារព័ត៌មានក្នុងទីក្រុង Moscow ថា លោកប្រធានាធិបតីទាំង២ នឹងពិភាក្សាទាំងរបៀបវារៈទ្វេភាគី ទាំងបញ្ហាសំខាន់ក្នុងតំបន់ និងអន្តរជាតិ។
ជំនួបនេះនឹងផ្ដល់ឱកាសដល់លោក Xi ក្នុងការគូសបញ្ជាក់ពីអំណាចរបស់លោក ខណៈលោក Putin អាចបង្ហាញពីការលំអៀងរបស់រុស្ស៊ីទៅរកតំបន់អាស៊ី ដោយមេដឹកនាំទាំង២ អាចបង្ហាញពីការប្រឆាំងរបស់ខ្លួនចំពោះសហរដ្ឋអាមេរិក ស្របពេលលោកខាងលិចព្យាយាមដាក់ទណ្ឌកម្មរុស្ស៊ី សម្រាប់អ្វីដែលទីក្រុង Moscow ហៅថា ជាប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន