បាល់ទាត់៖ ក្រុមប៊ែលហ្ស៊ិក Club Bruges រកបានជ័យជំនះដ៏កម្រនៅទឹកដីព័រទុយហ្កាល់របស់ FC Porto ដោយលទ្ធផល ៤-០ ដើម្បីឡើងឈរលើគេក្នុងពូល B។ គ្រាប់បាល់ពិន័យ ១១ម៉ែត្រតាំងពីនាទីទី១៥ ដោយ Ferran Jutgla និងបីគ្រាប់នៅវគ្គទី២ ដោយ Kamal Sowah, Andreas Olsen និង Antonio Nusa ធ្វើឱ្យ Club Bruges ឈ្នះពីរប្រកួតជាប់គ្នានៅ Champions League លើកដំបូង ខណៈរដូវកាលមុនបានត្រឹមបាតពូល។

ជ័យជំនះនេះ Club Bruges ឈរលើគេក្នុងពូលមាន ៦ពិន្ទុពេញបន្ទាប់ពីឈ្នះពីរប្រកួតជាប់គ្នា។ ចំណែកឯ Bayer Leverkusen ក៏រកបានបីពិន្ទុដំបូងរបស់ខ្លួនដែរក្រោយយកឈ្នះក្រុមភ្ញៀវអេស្ប៉ាញ Atletico Madrid ២-០ ចុងម៉ោង។ ការប្រកួតត្រូវរង់ចាំដល់នាទីទី៨៤ ទើប Robert Andrich ស៊ុតគ្រាប់នាំមុខបានសំរេចឱ្យ Leverkusen បន្ទាប់ពីទទួលបាល់ពី Jeremie Frimpong។ Frimpong ដដែលជាអ្នកបើកឱ្យមានគ្រាប់ទី២ ដោយការបញ្ជូនការយ៉ាងល្អទៅឱ្យ Moussa Diaby ស៊ុតធានាជ័យជំនះឱ្យ Leverkusen នៅនាទីទី៨៧។ បីពិន្ទុនេះ Leverkusen ឡើងមកលេខ៣ មានបីពិន្ទុមុនពេលទៅទឹកដី Porto ដើមខែក្រោយ ខណៈ Atletico Madrid ទទួល Club Bruges៕
អត្ថបទ៖នាង សុភាវុធ