UN៖ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ថ្មីថា គ្រោះមហន្តរាយអាកាសធាតុបានធ្វើឲ្យខាតបង់ ២០០លានដុល្លារក្នុងមួយថ្ងៃ ហើយគ្រោះមហន្តរាយអាកាសធាតុមិនអាចកែប្រែបានកំពុងកើតមានឡើង ដែលពិភពលោកកំពុងបោះជំហានទៅរកទិសដៅខុស។

អង្គការឧតុនិយមពិភពលោកនៅក្នុងការព្រមានចុងក្រោយ អំពីការឡើងកម្តៅផែនដីបាននិយាយថា គ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុបានកើនឡើង ៥ដងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ ហើយស្ថានភាពកាន់តែអាក្រក់ទៅៗ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងពីគ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន រលកកម្តៅនៅអឺរ៉ុប គ្រោះរាំងស្ងួតនៅទីកន្លែងនានាដូចជាប្រទេសចិន តំបន់អាហ្វ្រិក និងសហរដ្ឋអាមេរិក និងបានចង្អុលបង្ហាញលើឥន្ធនៈហ្វូស៊ីល។

របាយការណ៍ដែលបានដកស្រង់ចេញពីទិន្នន័យចងក្រងដោយទីភ្នាក់ងារ និងដៃគូមួយចំនួនរបស់អង្គការសហប្រជាជាតិបានលើកឡើងពីឱកាស ៤៨% ដែលបង្ហាញការកើនឡើង ១.៥អង្សានៃសីតុណ្ហភាពពិភពលោកនឹងរងផលប៉ះពាល់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕
អត្ថបទ៖ ប៊ុនថន