អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនបានបង្កើនការវាយរុលទៅមុខ ចូលកាន់តែជ្រៅទៅក្នុងដែនដីគ្រប់គ្រងដោយរុស្ស៊ីក្នុងការវាយបកនៅតែបន្ត ដែលបានធ្វើឲ្យធ្លាក់ចុះកិត្យានុភាពយោធារបស់រុស្ស៊ី។

ខណៈការវាយរុលទៅមុខនៅតែបន្តកាលពីថ្ងៃអង្គារ អង្គភាពឆ្មាំព្រំដែនរបស់អ៊ុយក្រែនបាននិយាយថា ទាហានបានដណ្ដើមគ្រប់គ្រងតំបន់ Vovchansk ដែលជាទីប្រជុំជនស្ថិតចម្ងាយ ៣គីឡូម៉ែត្រពីប្រទេសរុស្ស៊ី និងជាដែនដីដែលកងកម្លាំងរុស្ស៊ីដណ្ដើមយកបាននៅថ្ងៃដំបូងនៃសង្គ្រាមនេះ។ អភិបាលក្រុងនេះបាននិយាយថា ទាហានរុស្ស៊ីក៏បានបោះបង់ចោលទីក្រុង Melitopol ភាគខាងត្បូងផងដែរ និងឆ្ពោះទៅឧបទ្វីបគ្រីម៉េដែលទីក្រុង Moscow បានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤។ សារព័ត៌មាន Al Jazeera មិនអាចបញ្ជាក់ឲ្យឯករាជ្យពីការអះអាងរបស់យោធាទាំង២ ភាគីបានទេ។
ចាប់តាំងពីទីក្រុង Moscow បានបោះបង់ចោលមូលដ្ឋានទ័ពសំខាន់របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនភាគឦសានកាលពីថ្ងៃសៅរ៍ ដែលក្លាយជាការបរាជ័យដ៏ធំបំផុតចាប់តាំងពីដំណាក់កាលដំបូងនៃសង្គ្រាម ទាហានអ៊ុយក្រែនបានដណ្ដើមយកមកវិញរាប់សិបទីប្រជុំជន នៅក្នុងសន្ទុះដ៏ឆាប់រហ័សនៃការប្រែប្រួលក្នុងសមរភូមិ៕
អត្ថបទ៖ សុខមាន