ភ្នំពេញ៖ វេទិការាជរដ្ឋាភិបាល និងឯកជន បានពិភាក្សាក្តីកង្វល់ និងសំណូមពរនានា នូវរាល់បញ្ហាប្រឈម នៅក្នុងវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ ក្នុងគោលដៅលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចប្រកបដោយប្រកួតប្រជែងស្មើភាពគ្នា និងមានតម្លាភាព ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន) នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ បានបើកកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ និងបន្តដោះស្រាយរាល់បញ្ហាក្តីកង្វល់ និងសំណូមពរនៅក្នុងវិស័យឯកជន ក្នុងគោលដៅជំរុញសកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងបរិការណ៍ប្រទេសកម្ពុជាបើកសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយពីមានភាពរអាក់រអួលអស់រយៈពេល ២ ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសបន្ទាប់ពីកម្ពុជាបានបង្កើតភាពសុំាសហគមន៍ពេញលេញ ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានប្រកាសជាចំហរ ពិភាក្សាដើម្បីជម្រុញរកដំណោះស្រាយយ៉ាងផុលផុស នូវរាល់បញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងយុត្តិធម៌ ព្រមទាំងលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចប្រកបដោយប្រកួតប្រជែងស្មើភាពគ្នា និងមានតម្លាភាព ការរក្សាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញាត្តិដែលមានជាធរមាន ។
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ ពន្ធលើស្លាកសញ្ញា និងពន្ធលើផ្ទាំងពាណិជ្ជកម្ម, ពាណិជ្ជកម្មខុសច្បាប់ (ដែលសំដៅលើបារីខុសច្បាប់ និងក្លែងក្លាយ), ពន្ធលើការផ្ទេរភាគហ៊ុន, សិទ្ធិផ្តាច់មុខ និងការនាំចូលយានជំនិះម៉ូដែលចុងក្រោយបំផុត ខណៈអ្នកផ្សេងទៀតកំពុងកាន់សិទ្ធិផ្តាច់មុខ និងអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ នៅក្នុងវិស័យហិរញ្ញវត្ថុ៕
អត្ថបទ៖ សុន រ៉ាឌី





