ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប បានចូលរួមថ្លែងសន្ទរកថាបើក ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ក្រោមប្រធានបទ "ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្តរភាព" ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺនាំយកអ្នកវិនិយោគ និងប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការ រវាងរដ្ឋនិងឯកជន ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាលានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រដ្ឋាភិបាល រួមមានដូចជា ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិ និងចូលរួម ASEAN Single Windows, និងការអនុវត្តក្របខណ្ឌគោលនយោបាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។
ជាមួយគ្នានេះ ឯកឧត្ដម ក៏បានលើកឡើងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មឌីជីថលអាស៊ាន ដូចជា ការសិក្សាលទ្ធភាពម៉ូដែលបញ្ជូនបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹង SDGs ក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងនិរន្តរភាព និងក្របខណ្ឌសម្រាប់ជំរុញកំណើននៃ Ecosystems សម្រាប់អាជីវកម្មឌីជីថលថ្មីក្នុងតំបន់អាស៊ាន។
ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកកិច្ចប្រជុំថ្ងៃនេះ ដែលផ្តោតលើផ្លូវរបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព គឺជាវេទិកាយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្ដល់នូវទស្សនទានល្អៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យរដ្ឋ-ឯកជន ក្នុងតំបន់អាស៊ាន៕ អត្ថបទ៖ ឈិត បូរ៉ាវី







