ភ្នំពេញ៖ ប្រជាពុទ្ធបរិស័ទ លោកតា លោកយាយ ក្មេង ចាស់ ប្រុស ស្រី តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល ជាពិសសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានអនុញ្ញាតឲ្យមានការមកជួបជុំគ្នាធ្វើបុណ្យទានតាមវត្តអារាម នាឱកាសបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ។
ទន្ទឹមនឹងនោះព្រះបដិកធម្ម ម៉ៅ នីម ព្រះរាជាគណៈថ្នាក់ចត្វា ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ មានព្រះថេរដីកាថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ មានន័យជារួមថា ជាការទ្រទ្រង់នូវព្រះពុទ្ធសាសនា ជាពិសេសនោះគឺការទ្រទ្រង់ព្រះសង្ឃ អនុគ្រោះដល់ព្រះសង្ឃ ដែលលោកគង់ចាំព្រះវស្សាណាហើយ លោកបានទទួលនូវចង្ហាន់បិណ្ឌបាតពីញាតិញោម។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុល ចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយធ្វើការក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ពីការចម្លងជំងឺផ្សេងៗ រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ និងបន្តការពារខ្លួនជាបន្តទៀត នៅក្រោយពេលពីចប់ពិធីបុណ្យប្រពៃណីជាតិនេះផងដែរ៕
អត្ថបទ រដ្ឋា







