បាល់ទាត់៖ ម្ចាស់ក្លិបថ្មីរបស់តោខៀវ Chelsea លោក Todd Boehly បានពន្យល់ជាសាធារណៈពីមូលហេតុដែលឈានដល់ការចែកផ្លូវគ្នាជាមួយអ្នកចាត់ការ Thomas Tuchel។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវបានបញ្ចប់តំណែង បន្ទាប់ពីបរាជ័យនៅទឹកដី Dinamo Zagreb ១-០ នៅ UCL តែលទ្ធផលគ្រាន់តែជាចំណែកមួយនៃការបញ្ចប់តំណែងប៉ុណ្ណោះ ខណៈទំនាក់ទំនងរវាង Tuchel និងលោក Boehly គឺជាបញ្ហាចម្បង។
និយាយក្នុងសន្និសីទសារព័ត៌មានមួយលោក Todd Boehly បានពន្យល់ថា អតីតអ្នកចាត់ការ PSG និង Dortmund រូបនេះមិនបានស្របជាមួយចក្ខុវិស័យរបស់នាយកក្លិបថ្មីឡើយ។ លោក Todd Boehly បន្តថា នៅពេលដែលអ្នកកាន់កាប់ជំនួញអ្វីមួយ ចាំបាច់ណាស់អ្នករួមដំណើរទាំងអស់ត្រូវមានចក្ខុវិស័យដូចៗគ្នា ត្រូវជិះលើទូកតែមួយ។ លោក Tuchel ជាអ្នកចាត់ការដែលមានសមត្ថភាពម្នាក់ គ្រាន់តែពួកយើងមិនស្របគំនិតគ្នាប៉ុណ្ណោះ។ រំលឹកថា លោក Tuchel បានមកកាន់តំណែងនៅ Stamford Bridge កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជំនួសលោក Frank Lampard និងបានដឹកនាំក្រុមឈ្នះជើងឯក UEFA Champions League ត្រឹមរយៈពេល ៤ខែក្នុងតំណែង។
ក្រោមការវិនិយោគដោយម្ចាស់ក្លិបថ្មីលោក Todd Boehly ដែលទិញភាគហ៊ុនក្លិបមកគ្រប់គ្រងពីសេដ្ឋីរុស្ស៊ី Roman Abramovich នោះ Chelsea បានចំណាយលុយ ២៥៥.៣លានផោនក្នុងការនាំចូលកីឡាករថ្មីដែលមានដូចជា Raheem Sterling ពី Manchester City, ខ្សែការពារ Cucurella ពី Brighton ជាដើម។ Chelsea ចាប់ផ្តើមរដូវកាលនៅ English Premier League ក៏មិនល្អដែរដោយកំពុងឈរលេខ ៦ ក្នុងតារាងឈ្នះ ៣ ស្មើ ១ ចាញ់ ២៕
អត្ថបទ៖នាង សុភាវុធ