អាមេនី៖ ប្រទេសអាមេនី និងអាហ្ស៊ែបៃហ្សង់បានស្ដីបន្ទោសដាក់គ្នា ចំពោះការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ដែលបានផ្ទុះឡើងនៅតាមព្រំដែនប្រទេសទាំង២ នូវអ្វីដែលជាការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារវាងគូប្រជែងប្រទេសជិតខាងទាំង២ ចាប់តាំងពីសង្គ្រាមឆ្នាំ២០២០ មកជុំវិញតំបន់ជម្លោះ Nagorno-Karabakh។

យោងតាមក្រសួងការពារជាតិរបស់ប្រទេសអាមេនី អរិភាពទាំងនោះបានផ្ទុះឡើងកាលពីព្រឹកថ្ងៃអង្គារ នៅពេលដែលកងកម្លាំងអាហ្ស៊ែបៃហ្សង់បានវាយប្រហារឆ្លងព្រំដែនដោយប្រើកាំភ្លើងផ្លោង កាំភ្លើងត្បាល់ យានដ្រូន និងកាំភ្លើងវែង ដែលបានសម្លាប់ទាហានអាមេនីយ៉ាងហោចណាស់ ៤៩នាក់។ យោធាបាននិយាយថា ការវាយប្រហារនានាបានដាក់គោលដៅលើទាំងយោធា ទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទាំងក្នុង និងក្រៅទីប្រជុំជន និងភូមិឋានមួយចំនួនរួមទាំងទីប្រជុំជន Vardenis, Sotk, Artanish, Ishkhanasar,Goris Jermuk និង Kapan ដែលបង្ខំឲ្យមានការបាញ់តបតវិញ។
ខណៈការវាយប្រយុទ្ធគ្នាទំនងជាស្ងប់ស្ងាត់បន្តិច សេចក្ដីថ្លែងការណ៍ចេញដោយការិយាល័យប្រធានាធិបតីអាហ្ស៊ែបៃហ្សង់លោក Ilham Aliyev បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ អាចគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនបានហើយ ចំណែកក្រសួងការពារជាតិអាមេនីវិញបានព្រមានថា ស្ថានភាពនៅតាមតំបន់ព្រំដែនមួយចំនួននៅតែតានតឹងខ្លាំងនៅឡើយ។ លោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan បាននិយាយថា ទាហានរបស់ខ្លួនចំនួន ៤៩នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាកាលពីយប់អធ្រាត្រ ខណៈក្រសួងការពារជាតិអាហ្ស៊ែបៃហ្សង់និយាយថា ទាហានរបស់ខ្លួន ៥០នាក់ក៏បានស្លាប់ដែរ។ កាលពីថ្ងអង្គារសប្ដាហ៍នេះដែររុស្ស៊ីនិយាយថា ខ្លួនបានសម្របសម្រួលឲ្យមានបទឈប់បាញ់ចំពោះការផ្ទុះអាវុធចុងក្រោយនេះ៕
អត្ថបទ៖ សុខមាន