បាល់ទាត់៖ ក្លិបអ៊ីតាលី Monza បានសំរេចបណ្តេញគ្រូបង្វឹកលោក Giovanni Stroppa ចេញពីតំណែងហើយក្រោយលេង ៦ប្រកួតរដូវកាលនេះមិនទាន់ស្គាល់ជ័យជំនះ។
Monza ដែលស្ថិតក្រោមការវិនិយោគរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី Silvio Berlusconi បានទទួលកៅអីនៅ Serie A ក្រោយឈ្នះវគ្គ Play-Off នៅ Serie B រដូវកាលមុន ដើម្បីឡើងមកកាន់ក្របខណ្ឌកំពូលអ៊ីតាលីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។ Monza រដូវកាលនេះរកបានតែ ១ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៦ប្រកួត និងរបូតគ្រាប់បាល់ដល់ទៅ ១៤គ្រាប់។ រំលឹកថា លោក Giovanni Stropp ត្រូវបានតែងតាំងឱ្យដឹកនាំ Monza នៅខែឧសភា ឆ្នាំ២០២១ ជាការវិលត្រលប់មកវិញបន្ទាប់ពីឃ្លាតឆ្ងាយរយៈពេល ៣២ឆ្នាំតាំងពីការប្រកបអាជីពជាកីឡាករ៕
អត្ថបទ៖នាង សុភាវុធ