ហៃទី៖ ប្រជាជនហៃទីរាប់ពាន់នាក់កាលពីថ្ងៃអង្គារ បានចេញធ្វើបាតុកម្មតាមដងផ្លូវនៅទីក្រុងព័រអូប្រាំងសម្រាប់ថ្ងៃទីពីរ ដើម្បីតវ៉ាចំពោះការកើនឡើងតម្លៃឧស្ម័នដែលរដ្ឋាភិបាលប្រកាស។ ក្រុមអ្នកតវ៉ាបានចាប់ផ្តើមបិទផ្លូវធំៗនៅរដ្ឋធានី នៅពេលព្រឹកព្រលឹមដោយដុតសំបកកង់រថយន្ត។

ហាង និងហាងទំនិញព្រមទាំងធនាគារ និងសាលារៀនបានបិទទ្វារ ប៉ុន្តែហាងមួយចំនួនត្រូវបានវាយបំបែកដោយក្រុមអ្នកតវ៉ា ដែលបាននាំយកទំនិញចេញទៅជាមួយ។ គ្មានអ្នករងរបួស ឬស្លាប់ត្រូវបានគេរាយការណ៍នៅក្នុងឧបទ្ទវហេតុនេះទេ។ សេចក្តីប្រកាសថ្មីរបស់រដ្ឋាភិបាលបានធ្វើឡើង ក្នុងពេលដែលប្រជាជនហៃទីកំពុងជួបបញ្ហាជាមួយនឹងតម្លៃប្រេងឥន្ធនៈខ្ពស់ ភាពអត់ការងារធ្វើ និងអំពើហិង្សារីករាលដាលរួចទៅហើយ។ ក្រុមជនអន្ធពាលកំពុងប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងទឹកដី ហើយមនុស្សរាប់រយនាក់បានស្លាប់ក្នុងសង្គ្រាមនេះ និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវភៀសខ្លួនចេញពីលំនៅឋាន ដើម្បីគេចពីអំពើហិង្សា។ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការបណ្តេញចេញពីអំណាចនាយករដ្ឋមន្ត្រីលោក Ariel Henry ដែលបានគ្រប់គ្រងប្រទេស បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise កាលពីខែកក្កដា ឆ្នាំ២០២១។
អ្នកតវ៉ាម្នាក់និយាយថា យើងមិនទទួលស្គាល់លោក Ariel Henry ទេ។ យើងមិនបានបោះឆ្នោតឱ្យលោក Ariel Henry ដូច្នេះលោកពុំមានអាណត្តិនោះទេ។ មន្ត្រីរដ្ឋាភិបាលបានព្រមព្រៀងកាត់បន្ថយការឧបត្ថម្ភធន សម្រាប់ប្រេងឥន្ធនៈកាលពីខែកុម្ភៈ ជាផ្នែកមួយនៃកញ្ចប់ជំនួយជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលផងដែរនូវការបង្កើនការចំណាយលើសេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើងការប្រមូលពន្ធក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ប្រទេសក្រីក្រមួយនេះ។ ស្ថានីយប្រេងឥន្ធនៈទាំងអស់ត្រូវបានបិទ ហើយបច្ចុប្បន្នប្រេងសាំងត្រូវបានលក់ក្នុងតម្លៃ ១៨.០០ដុល្លារអាមេរិកក្នុងមួយហ្គាឡុងនៅលើទីផ្សារងងឹត៕
អត្ថបទ៖ ប៊ុនថន