ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌ នៃបណ្ដាប្រទេសG20 នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រួចមកលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទស្សនកិច្ច ពិនិត្យ និងស្វែងយល់អំពីការធ្វើកំណាយបុរាណវិទ្យារបស់ក្រុមបុរាណវិទូ នៃក្រសួងវប្បធម៌ ឥណ្ឌូនេស៊ី ស្ថិតនៅទីតាំង នៃតំបន់ប្រាសាទបូរូប៊ូឌូ(Borobudur) ប្រហែល១៥០ម៉ែត្រ ពីមាត់ស្ទឹងបុរាណ ដែលជាតួខឿនប្រាសាទ ដែលធ្វើអំពីដីឥដ្ឋដុតឆ្អិនទំហំប្រហែល ១៦ម៉ែត្របួនជ្រុង។
ប្រាសាទបាក់បែកនេះ ត្រូវបានរកឃើញដោយជនជាតិហូឡង់ (Dutch) និងបានចុះបញ្ជីតាំងពីសម័យអាណានិគមរបស់ខ្លួនមកលើប្រទេសឥណ្ឌូនេស៊ី មកម្ល៉េះ ក៏ប៉ុន្តែក្រោយពីសម័យអាណានិគមមក ប្រាសាទនេះ ត្រូវបោះបង់ចោលរួចបន្ទាប់មកក្លាយជាដីភូមិរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ ទើបតែខែសីហា ឆ្នាំ២០២២នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីសម្រេចចិត្តធ្វើកំណាយ ដើម្បីថែរក្សា គាំពារ និងជួសជុលឡើងវិញ។ ការធ្វើកំណាយសង្គ្រោះប្រាសាទនេះ ទើបប្រើពេលបាន ២០ថ្ងៃនៅឡើយ ដោយក្រុមបុរាណវិទូបានប្រទះឃើញរូបបដិមាករព្រហ្មញ្ញសាសនា ០១ព្រះអង្គធ្វើអំពីថ្មភ្នំ៕អត្ថបទ រដ្ឋា




