
ក្រចេះ៖ ការណែនាំរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើឡើងក្នុងពេលអញ្ជើញចុះពិនិត្យទីតាំងរៀបចំទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា សាងសង់ទីទួលសុវត្ថិភាពសម្រាប់ទឹកជំនន់នេះ បានផ្តើមចេញពីកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការសហប្រជាជាតិ ជាមួយកម្មវិធីស្បៀងអាហារពិភពលោកស្តីពីការអនុវត្តសកម្មភាពរួមគ្នា ដើម្បីគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រៀបចំមធ្យោបាយដឹកជញ្ជូន និងប្រកាសឱ្យប្រជាពលរដ្ឋដឹងអំពីប្រព័ន្ធប្រកាសប្រាប់ឱ្យដឹងជាមុន ១២៩៤ ងាយស្រួលក្នុងការទទួលដំណឹងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា លេខាធិការដ្ឋាគ្រប់គ្រងគ្រោះមហន្តរាយឃុំ ត្រូវតាមដានជាប្រចាំនូវការវិវឌ្ឍរបស់មុខសញ្ញាគ្រោះថ្នាក់ និងរាយការណ៍ជូនលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយស្រុកជាប្រចាំពីផលប៉ះពាល់ ដើម្បីឱ្យមន្ត្រីបង្គោលធ្វើការបញ្ចូលទិន្នន័យការខូចខាត រួមទាំងការបាត់បង់ និងតម្រូវការឱ្យបានទៀងទាត់ទៅក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ដើម្បីឱ្យអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ជាតិទទួលបានទិន្នន័យនេះមកប្រើប្រាស់មានលក្ខណៈងាយស្រួយ និងមានលក្ខណៈជាប្រព័ន្ធសម្រាប់ការចែករំលែកដល់អ្នកពាក់ព័ន្ធបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សំដៅដល់ផែនការត្រៀមបង្ការកម្រិតសហគមន៍មូលដ្ឋានផងដែរ។
គិតមកទល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយដៃគូ បានសាងសង់រួចរាល់ ទីទួលសុវត្ថិភាពចំនួន ៩ទីតាំង ក្នុងនោះ គឺមាន ៥ទីតាំង ក្នុងខេត្តកំពង់ធំ ២ទីតាំងក្នុងខេត្តកំពង់ឆ្នាំង និង២ទីតាំងក្នុងខេត្ត ពោធិ៍សាត់ ខណៈរាជរដ្ឋាភិបាលក៏មានផែនការសាងសង់បន្ថែម នៅតាមទីខេត្តដែលប្រឈមដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យជាដើម៕ អត្ថបទ សេក ឧត្តម



