
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះស្តីពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិ នៅឆ្នាំ២០២២ តែអនុញ្ញតិឲ្យមានការរៀបចំនៅថ្នាក់ខេត្ត- ក្រុង និងមូលដ្ឋាននីមួយៗជាធម្មតា។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅក្រុមអ្នកវិភាគដ៏ឆ្កួតលីលាមួយចំនួន ដែលបានរិះគន់សម្តេច និងរាជរដ្ឋាភិបាលពីការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិផងដែរ ដោយសម្តេចបញ្ជាក់ថា ការផ្អាកនេះ ដោយសាររាជរដ្ឋាភិបាលមើលឃើញពីចំណុចជាច្រើន ក្នុងនោះក៏មានការមិនទាន់ចប់ នៃករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្រមូលផ្តុំប្រជាជនដ៏ច្រើនរាប់លាននាក់នៅរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក គឺជាហានិភ័យខ្ពស នៃការចម្លង និងឆ្លង ជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍ប្រជាជនជាថ្មីនិងនាំផលលំបាក ដែលយើងមនអាចនឹកស្មានដល់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគិតគូរមួយទៀតនោះ អំពីការផ្អាកព្រះពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ គឺមិនចង់រំខានដល់ប្រជាពលរដ្ឋដែលត្រូវចំណាយពេលនាំទូកពីបណ្តាខេត្តនានា មកកាន់រាជធានីភ្នំពេញ ក្នុងពេលវេលាដែលត្រូវបង្កបង្កើនផលនោះទេ។ នេះមូលហេតុងាយយល់ ដែលប្រជាជនកម្ពុជា បានឆ្លងកាត់នារយៈកាលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្អាកព្រះរាជបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ គឺដើម្បីត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលចាប់ផ្តើមពីថ្ងទី១០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ ក្នុងនោះ ពីថ្ងៃទី០៧,០៨,០៩ ខែវិច្ឆិកា នឹងមានទស្សកិច្ចផ្លូវការជាបន្តបន្ទាប់រួមមាន៖ នាយករដ្ឋមន្ត្រីវៀតណាម, នាយករដ្ឋមន្ត្រីចិននិងប្រធានាធិបតីហ្វីលីពីនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់អ្នកវិភាគទាំងឡាយដែលវិភាគថា រដ្ឋាភិបាល ហ៊ុន សែន អស់លុយទើបមិនហ៊ានរៀបចំព្រះរាជពិធីបុណ្យអុំទូក សូមអោយបន្តវិភាគតទៅទៀតចុះ ។ សម្តេចជឿជាក់ថា ប្រជាពលរដ្ឋនឹងយល់ពីគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនខ្វះលុយគ្រាន់តែរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ តែអ្វីដែលកម្ពុជាផ្អាកព្រះរាជពិធីអុំទូកនៅថ្នាក់ជាតិនាពេលនេះ គឺយោងលើកត្តាធំៗចំនួន២ ដែលសម្តេចបានរៀបរាប់រួមមកហើយរួមមាន៖កត្តាកូវីដ-១៩ និងកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសធំៗ និងមហាអំណាចនានា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃនោះ៕