សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានសន្យាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ យូរអង្វែងសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើបន្ថែមទៀតនោះ។
ការសន្យារបស់ប្រមុខក្រសួងការពារជាតិនៃប្រទេសទាំងពីរនេះ គឺបានធ្វើងនៅក្នុងកិច្ចជំនួបមួយ កាលពីថ្ងៃទី១៤ ខែកញ្ញា ម្សិលមិញនៅទីក្រុងវៀងច័ន្ទ ក្នុងឱកាស អញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា ឡាវ និងវៀតណាម នៅប្រទេសឡាវ ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកបំពេញទស្សនៈកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងចំណង មិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លារវាងរដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរកម្ពុជា ឡាវ ជាបងប្អូន។ នាយឧត្តមសេនីយ៍ បានចាត់ទុកទស្សនកិច្ចនេះថា ជានិមិត្តរូបដ៏សំខាន់ ក្នុងការរួមចំណែកដ៏ធំធេងក្នុងការពូនជ្រុំនូវចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនប្រទេសទាំងពីរអោយកាន់តែជិតស្និតថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខ នៃកងទ័ពទាំងពីរ។
នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានសំដែងការគាំទ្រចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិតខំដោះស្រាយបញ្ហាផ្សេងៗជាច្រើនដែលបានកើតឡើងនៅក្នុងអាស៊ាននាពេលកន្លងមកនេះ។ មួយវិញទៀតក្នុងនាមរដ្ឋាភិបាល និងកងទ័ពប្រជាជនឡាវ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់ឡាវនាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសឡាវ។
មានប្រសាសន៍នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ នៅតែបន្ត សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនងឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ជាងនេះទៅទៀត សម្តេចមានជំនឿជឿជាក់ថា នៅក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ-១៩មានការធូរស្រាល ពិសេសក្រោយកិច្ច ប្រជុំនាពេលនេះ ប្រទេសយើងទាំងពីរ ពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អពង្រឹង ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា-ឡាវ ដែលជា គ្រឹះសម្រាប់នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិយើង ដោយបន្តខិតខំលើក កម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាកទំនងការទូតយោធាឱ្យមានភាពប្រសើរឡើងថែមទៀត៕ អត្ថបទ៖ បាន ចក់












