បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក Real Madrid ត្រូវរង់ចាំដល់ចុងម៉ោងទើបរកគ្រាប់ជ័យជំនះបានទៅលើក្រុមភ្ញៀវអាល្លឺម៉ង់ RB Leipzig ដើម្បីជ័យជំនះពីរប្រកួតផ្ទួនៗនៅក្នុងពូល F។ ក្រុមភ្ញៀវ Leipzig មានឱកាសច្រើននៅទឹកដីអេស្ប៉ាញនេះតែមិនមានសំណាងដូចជាឱកាសរបស់ Christopher Nkunku ពីរលើកតែត្រូវជួយបានដោយអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtois។

អ្វីៗត្រូវរង់ចាំដល់ ១០នាទីចុងក្រោយនៃការប្រកួតទើប Federico Valverde បើកការនាំមុខឱ្យ Real Madrid នៅនាទីទី៨០ មុនពេលដែល Marco Asensio ស៊ុតជាធានាជ័យជំនះនៅនាទីទី៩០+១។ ថ្វីត្បិតតែ Real Madrid ជាក្រុមជើងឯក UCL ច្រើនជាគេក្តី តែនេះជាលើកដំបូងប៉ុណ្ណោះរាប់ពីរដូវកាល ២០១៧-២០១៨ ដែល Real Madrid ឈ្នះពីរប្រកួតដំបូងនៅក្នុងពូល។ ជាមួយគ្នានោះដែរលោក Carlo Ancelotti បានក្លាយជាអ្នកចាត់ទី២ ដែលដឹកនាំក្រុមឈ្នះ ១០០ប្រកួតនៅ UCL តាមពីក្រោយ Sir Alex Ferguson ដែលដឹកនាំ Manchester United ឈ្នះ ១០២ប្រកួត។ មួយប្រកួតទៀតក្នុងពូល F នេះដែរ Shakhtar Donetsk និង Celtics បញ្ចប់ទៅដោយលទ្ធផល ១-១ មានន័យថា ក្រុមអ៊ុយក្រែន Shakhtar Donetsk ឈរលេខ២ ក្នុងពូលមាន ៤ពិន្ទុតាមពីក្រោយ Real Madrid ដែលមាន ៦ពិន្ទុពេញ៕
អត្ថបទ៖នាង សុភាវុធ