អង់គ្លេស៖ អ្នកកាន់ទុក្ខបានបន្តចូលមកកាន់អគារ Westminster Hall កាលពីល្ងាចថ្ងៃពុធ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Elizabeth II។

ព្រះមជ្ឈូសារបស់ព្រះមហាក្សត្រីបានដង្ហែចេញពីរាជវាំង Buckingham កាលពីថ្ងៃពុធដោយដាក់លើរាជរដ្ឋ និងបានដង្ហែតាមដងផ្លូវដែលមានពលរដ្ឋយ៉ាងច្រើន តម្រង់ជួរក្នុងទីក្រុងឡុងដ៍មកកាន់អគារ Westminster Hall។ នៅទីនោះ ព្រះមហាក្សត្រីដែលបានសោយរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស នឹងត្រូវដាក់តម្កល់រយៈពេល ៤ថ្ងៃរហូតដល់ពិធីបុណ្យព្រះសពនៅថ្ងៃចន្ទ ដោយមនុស្សរាប់សែននាក់ត្រូវបានគេរំពឹងថានឹងចូលរួម។ ចាប់ពីម៉ោង ៥ល្ងាចថ្ងៃពុធសមាជិកសាធារណៈជនដំបូងត្រូវបានអនុញ្ញាតឱ្យចូលគោរពព្រះវិញ្ញាណក្ខន្ធ។

ពួកគេបានចូលគោរពដោយចែកជាពីរជួរនៅសងខាងនៃព្រះមជ្ឈូសា។ មនុស្សជាច្រើនស្រក់ទឹកភ្នែកពេលចូលទៅជិតព្រះមជ្ឈូសា។ ភ្ញៀវមកពីជុំវិញពិភពលោកក៏បានមកតម្រង់ជួររយៈពេលជាច្រើនម៉ោង ដើម្បីមើលក្បួនដង្ហែព្រះសព។ ក្បួនដង្ហែយោធាចេញពីព្រះរាជវាំងបានគូសបញ្ជាក់រយៈពេល ៧ទសវត្សរ៍របស់ម្ចាស់ក្សត្រី Elizabeth ជាប្រមុខរដ្ឋ៕
អត្ថបទ៖ ប៊ុនថន