សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាពេលនេះសម្តេច បានកំពុងឲ្យធ្វើការបោះពុម្ពនូវសៀវភៅចំនួនប្រាំម៉ឺនច្បាប់បន្ថែមទៀត ដែលបង្ហាញរឿងសម្ងាត់សម្តេច ដែលរឿងសម្ងាត់ទាំងនោះប្រហែលជា៧០ទៅ៨០ភាគរយពុំមានសាធារណៈជនដឹងនោះ។
តាមរយៈសង្គមហ្វេសបុកនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមរយៈឆាណែលតេលេក្រាម ដោយបានបង្ហាញនូវចំណងជើងលើក្របសៀវភៅ«សម្តេចតេជោ ហ៊ុន សែន ជាអ្នកគូសវាសជោកវាសនាកម្ពុជា» បានលើកឡើងថា ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា«ឯកឧត្តមកែវ បាភ្នំ ប្រធាន គណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន ៦០១ទំព័រ។ សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹងដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ»។
យ៉ាងណាក៏ដោយសម្តេចតេជោ នាយករដ្ឋមន្រ្តីមិនទាន់បានបញ្ជាក់ថាសៀវភៅនេះត្រូវបោះពុម្ពបញ្ចប់នាថ្ងៃណានោះឡើយដោយសម្តេចគ្រាន់តែបញ្ជាក់ថា «ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឱ្យមិត្តភ័ក្របរទេសបានផងដែរ។ ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ»៕ អត្ថបទ៖ បាន ចក់

