UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និយាយថា លោកបានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីការនាំចេញជីរបស់រុស្សីតាមរយៈកំពង់ផែសមុទ្រខ្មៅ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើនឡើង ព្រមទាំងសន្តិសុខនៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលលោកបាននិយាយថា ការបាញ់ផ្លោងបានបញ្ឈប់ក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ ហើយអ្នកទោសសង្គ្រាមដែលលោកចង់ឃើញនឹងមានការដោះដូរ។
ប្រមុខអង្គការសហប្រជាជាតិបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានថា បេសកកម្មស្វែងរកការពិតដែលលោកបានតែងតាំងតាមសំណើរបស់រុស្ស៊ី និងអ៊ុយក្រែននឹងស៊ើបអង្កេតការស្លាប់ឈ្លើយសឹកនៅពន្ធនាគារ Olenivka ក្នុងតំបន់ផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី29 ខែកក្កដា ដែលប្រទេសកំពុងធ្វើសង្គ្រាមទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការប្រព្រឹត្ត។ ខណៈមេដឹកនាំពិភពលោករៀបចំដើម្បីជួបប្រជុំ នៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ លោក Guterres បាននិយាយថា ពិភពលោករបស់យើងបានរងទុក្ខដោយសង្គ្រាម ញាំញីដោយភាពវឹកវរអាកាសធាតុ ភាពស្អប់ខ្ពើម ភាពក្រីក្រ ភាពអត់ឃ្លាន និងវិសមភាព។
លោកបាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនកំពុងអូសទាញសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ចុះ ហើយទោះបីជាកិច្ចព្រមព្រៀងកាលពីខែកក្កដា ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីកំពង់ផែសមុទ្រខ្មៅ និងដើម្បីទទួលបានស្បៀងអាហារ និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកក៏ដោយ វាមានហានិភ័យនៃគ្រោះទុរ្ភិក្សជាច្រើននៅឆ្នាំនេះ។ លោក អគ្គលេខាធិការបាននិយាយថា តម្លៃជីឡើងខ្ពស់បានកាត់បន្ថយការដាំដំណាំសម្រាប់ស្បៀងអាហាររួចហើយ ជាមូលហេតុសំខាន់ក្នុងការនាំចេញជីរបស់រុស្ស៊ី៕
អត្ថបទ៖ ប៊ុនថន