អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើដំណើរទៅកាន់ទីក្រុង Kharkiv កាលពីថ្ងៃពុធ។ លោកបានចុះពិនិត្យការងារដែលនឹងត្រូវអនុវត្ត ដើម្បីជួសជុលអគារដែលរងការបំផ្លាញដោយគ្រាប់ផ្លោង។ លោក Zelenskyy និយាយថា វាចាំបាច់ដើម្បីស្តារអ្វីៗទាំងអស់ឡើងវិញនៅភាគឦសានរបស់ប្រទេស។

ដំណើរចុះពិនិត្យរបស់លោកធ្វើឡើង ក្នុងពេលមានការរុលទៅមុខរបស់ទាហានទីក្រុងគីវនៅក្នុងទីក្រុង Kharkiv ដែលបានបង្ខំកម្លាំងរុស្ស៊ីឲ្យដកថយ។ ការវាយលុកនាពេលថ្មីៗនេះរបស់ទីក្រុងមូស្គូ នៅភាគឦសានប្រទេសអ៊ុយក្រែនគឺជាការបរាជ័យផ្នែកយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីកងទ័ពរុស្ស៊ីបានដកខ្លួនចេញពីទីក្រុងគីវកាលពីប៉ុន្មានខែមុន។ មន្ត្រីនគរបាលបានថតរូបនៅលើរថក្រោះរុស្ស៊ី ដែលបោះបង់ចោលនៅខាងក្រៅក្រុង Izium កាលពីថ្ងៃពុធ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពរបស់គីវបានដណ្តើមយកមកវិញ ទឹកដីដ៏ធំនៅក្នុងទីក្រុង Kharkiv ភាគឦសានរបស់ប្រទេសអ៊ុយក្រែន។
ការបំផ្លាញនៅក្នុងទីក្រុងនេះ ក្នុងអំឡុងពេលការចូលកាន់កាប់របស់រុស្ស៊ីអស់រយៈពេលជាច្រើនខែ ដែលបានបញ្ចប់នៅពេលដែលកងទ័ពអ៊ុយក្រែនបានដណ្តើមយកមកវិញក្រុង Izium កាលពីថ្ងៃសៅរ៍ បានបន្សល់ទីក្រុងនេះដោយគ្មានសេវាកម្មអ្វីទាំងអស់ជាមូលដ្ឋាន។ ប្រជាជនក្រុង Izium បាននិយាយថា ពុំមានអគ្គិសនី គ្មានទឹក និងឧស្ម័នប្រើប្រាស់នោះទេ ហើយតម្លៃអាហារ និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងទៀតបានកើនឡើង ៥ ទៅ ៦ដង៕
អត្ថបទ៖ ប៊ុនថន