ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងគ្រោងនឹងរៀបចំ បង្កើតឲ្យមានសហគមន៍គំរូមួយ ដែលប្រជាពលរដ្ឋមានសុខភាពល្អជាងគេ ខណៈកម្ពុជាកំពុងយកចិត្តយ៉ាងខ្លាំងលើបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតមន្ទីរពេទ្យនៅទូទាំងប្រទេស និងបំពាក់នូវឧបករណ៍ទំនើបតាមមន្ទីរពេទ្យរដ្ឋជាដើម។
ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសុខាភិបាល រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ក្នុងការងារថែរក្សាសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺត្រូវ ផ្សារភ្ជាប់នូវសេវាសំខាន់ៗនៅតាមថ្នាក់មូលដ្ឋាន មានការបង្កើតនូវមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និងមន្ទីរពេទ្យបង្អែកតាមបណ្ដាក្រុងស្រុក នៅទូទាំងប្រទេស ហើយក្រសួងសុខាភិបាល កំពុងជំរុញធ្វើរឿងនេះ និងកំពុងគិតគូរបន្ថែមទៀត ។
លោកជំទាវបន្តថា ក្រសួងសុខាភិបាល ត្រូវតែតម្រែតម្រងទិសឡើងវិញ នូវសេវាដែលកំពុងអនុវត្ត នៅក្នុងមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យបង្អែក ធ្វើយ៉ាងណាឲ្យស្របទៅតាមអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ហើយនឹងអាចឈានដើម្បីអនុវត្ត បង្កើតជាសហគមន៍គំរូ សហគមន៍ដែលមានសុខភាព សហគមន៍មានអាយុវែង ដែលនេះជាទិសដៅ ។
អ្នកនាំពាក្យសុខាភិបាលរូបនេះ បន្ថែមថា ពីមុនពលរដ្ឋស្វែងរកម្ហូបអាហារដើម្បីបរិភោគ តែបច្ចុប្បន្ននេះ សម្រាប់ពលរដ្ឋដែលមានធនធាន ក៏ដូចជាពលរដ្ឋមានកំណើនកើនឡើង ប្រាក់ចំណូលក៏កើន ការប្រកបរបរផ្សេងៗកើន ធ្វើឲ្យពលរដ្ឋមួយចំនួន ជ្រើសរើសម្ហូបសម្រាប់បរិភោគវិញ ព្រោះដើម្បីសុខភាពរបស់ពួកគាត់ ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ពីមុនកម្ពុជាមានការព្រួយបារម្ភពីបញ្ហាជំងឺឆ្លង ប៉ុន្តែបច្ចុប្បន្ន ក៏មានការព្រួយបារម្ភផងដែរនូវជំងឺមិនឆ្លង ដោយសារការប្រែប្រួល នៃការរស់នៅរបស់ពលរដ្ឋ ហើយដើម្បីកុំឲ្យមានកំណើននៃជំងឺមិនឆ្លង គឺកុំបរិភោគប្រៃពេក បរិភោគផ្អែមពេក កុំបរិភោគខ្លាញ់ពេក និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ បើពលរដ្ឋអាចធ្វើបាន សុខភាពនឹងមានការប្រែប្រួល ឈានទៅរកការអភិវឌ្ឍ ព្រោះបើមានសុខភាពល្អ គឺមានពេលវេលាវែងឆ្ងាយ សម្រាប់រកប្រាក់កម្រៃ សម្រាប់ការប្រកបរបរទទួលទាន ៕ អត្ថបទ បាន សុខរិទ្ធិ