អ៊ុយក្រែន៖ អ្នកនាំពាក្យប្រធានាធិបតីបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ លោក Sergii Nykyforov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តដឹកអ្នកដំណើរមួយគ្រឿងបានបុកជាមួយរថយន្តប្រធានាធិបតី និងរថយន្តអមដំណើររបស់លោកនៅក្នុងរដ្ឋធានីគីវ។

លោកបាននិយាយថា លោកប្រធានាធិបតីត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិត ប៉ុន្តែពុំមានរងរបួសធ្ងន់ធ្ងរនោះទេ។ ចំណែកអ្នកបើកបររថយន្តដែលបុកជាមួយក្បួនរថយន្ត ត្រូវបានបញ្ជូនទៅព្យាបាលដោយរថយន្តសង្គ្រោះ។ លោក Nykyforov បាននិយាយថា គ្រប់កាលៈទេសៈនៃគ្រោះថ្នាក់ចរាចរណ៍ កំពុងត្រូវបានស៊ើបអង្កេតដោយមន្ត្រីអនុវត្តច្បាប់។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីលោក Zelensky អាយុ ៤៤ឆ្នាំបានចុះពិនិត្យទីក្រុង Izyum ដែលដណ្តើមបានមកវិញ ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅភាគឦសានប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ។ លោកបានថ្លែងអំណរគុណដល់កងទ័ពដែលបានចូលរួម ក្នុងការវាយប្រយុទ្ធយ៉ាងរហ័សប្រឆាំងអ្នកឈ្លានពានរុស្ស៊ី និងបានមើលការលើកទង់ជាតិ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះកងទ័ពអ៊ុយក្រែនបានដណ្តើមយកមកវិញ នូវទឹកដីដែលត្រូវបានចូលកាន់កាប់ដោយបង្ខំឲ្យទាហានរុស្ស៊ីដកថយ៕
អត្ថបទ៖ ប៊ុនថន