ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានព្រមានជាថ្មីចំពោះការធ្វេសប្រហែសពីការឆ្លងជំងឺកូវីដ១៩ ដោយបន្តនុវត្តវិធានការការពារពីការឆ្លង អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ។
ការព្រមានរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវវេជ្ជបណ្ឌិត មានប្រសាសន៍ថា ដើម្បីស្របតាមការដាក់ចេញនូវការណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការធានាដល់ដំណើរការប្រទេសឡើងវិញដែលទទួលជោគជ័យរយៈពេលជិត១ឆ្នាំ ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី តាមរយៈការអនុវត្តវិធានការការពារ និងការទទួលវ៉ាក់សាំងបង្ការកូវីដ១៩ គឺជាកត្តាសំខាន់ក្នុងបរិបទកូវីដ១៩ នៅពេលប្រទេសលើសកលនៅតែមានការឆ្លងជាបន្តបន្ទាប់។
ជាក់ស្តែងក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលកំពុងប្រព្រឹត្តទៅនាឆ្នាំនេះ លោកជំទាវវេជ្ជបណ្ឌិត បានព្រមានជាថ្មីថា ប្រជាពលរដ្ឋមិនអាចមើលរំលងពីការចម្លងនៃជំងឺនេះនោះទេ ដោយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ និង៣ការពារជាប្រចាំ។
បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងជំងឺកូវីដ១៩ និងការពុលចំណីអាហារអំឡុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាលពីថ្មីៗនេះដោយណែនាំទៅកាន់អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈកម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឱ្យមានការអនុវត្តវិធានការសុខាភិបាលមានដូចខាងក្រោមនេះ រួមទាំងបង្កើនសកម្មភាពត្រួតពិនិត្យ និងតាមដានពុទ្ធបរិស័ទដែលចេញ-ចូលទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗត្រូវឱ្យបានហ្មត់ចត់ និងខ្ជាប់ខ្ជួន ដោយចាត់ចែងឱ្យមានគម្លាតសុវត្ថិភាពបុគ្គល តាមរយៈរក្សាគម្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ ហើយព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារាមពេលអង្គុយ ឬឈររងចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាន។
ក្នុងនោះ ក្រសួងសុខាភិបាល បានក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សេវាឯកជន និងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ពីការចម្លងជំងឺផ្សេងៗ រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩, ការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបន្តការពារខ្លួនជាបន្តទៀតនៅក្រោយពេលពីចប់ពិធីបុណ្យប្រពៃណីជាតិនេះផងដែរ៕ អត្ថបទ សេក ឧត្តម
