កណ្ដាល៖ ក្រុមពេទ្យនៅទូទាំងខេត្តកណ្តាល នឹងចុះចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅតាមបណ្តាវត្តអារ៉ាមនានា ក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២២ ដោយអំពាវនាវ ពលរដ្ឋដែលដល់ថ្ងៃត្រូវចាក់វ៉ាក់សាំងដូសជំរុញ ត្រូវកាន់បណ្ណចាក់វ៉ាក់សាំង ឬឯកសារពាក់ព័ន្ធចាក់វ៉ាក់សាំងទៅជាមួយ ដើម្បីទទួលបានការចាក់វ៉ាក់សាំងនោះ។
លោក ហម សុផល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកញ្ញានេះថា នៅក្នុងអំឡុងថ្ងៃឈប់សំរាកបុណ្យភ្ជុំបិណ្ឌចំនួនបីថ្ងៃខាងមុខនេះ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិលោក ក៏ដូចការិយាល័យសុខាភិបាលតាមស្រុកនានាទៀតរបស់ខេត្តកណ្តាល នឹងរៀបចំក្រុមពេទ្យចុះចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅតាមវត្តចំនួន១៣វត្ត ក្នុងនោះក្រុងតាខ្មៅបានរៀបចំចាក់ចំនួន៥វត្ត និងស្រុកកណ្តាលស្ទឹង រៀបចំក្រុមពេទ្យប្រចាំការចាក់ចំនួន៨វត្ត។
អាជ្ញាធរ និងចាស់ទុំ ដែលជាអាចារ្យ នៅវត្តពុទ្ធអណ្តែត ហៅវត្តព្រែកហូរ នៅក្នុងតាខ្មៅ លើកឡើងថា ពួកគាត់នឹងចាប់ផ្ដើមប្រកាសដល់ប្រជាពុទ្ធបរិស័ទសូមយកបណ្ណចាក់វ៉ាក់សាំង និងអត្តសញ្ញាណបណ្ណមកជាមួយពេលមកវត្តនៅថ្ងៃភ្ជុំធំ ហើយពលរដ្ឋបន្ទាប់ពីទទួលបានដំណឹងនេះ មួយចំនួនធំគឺបំណងចាក់វ៉ាក់សាំងដូសជំរុញ នៅពេលទំនេរពីការងារផងដែរ។
បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ទូទាំងខេត្តកណ្តាល មនុស្សវ័យចាប់ពី៣ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងកូវីដសរុបជាង ១លាន៤ម៉ឺននាក់ ហើយតាមរយៈការចុះចាក់តាមវត្តនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនោះ នឹងជម្រុញកំណើនភាគរយយើងបានច្រើនថែមទៀត៕ អត្ថបទ៖ ស៊ុម សុខជា.
